(កំពត)៖ មន្ដ្រីនគរបាល១២៩រូប ក្នុងស្រុក៣ នៅខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបានផ្ទេរមុខតំណែង និងបំពាក់ឋានន្ដរស័កិ្ដ។
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិនេះដែរ ត្រូវបានធ្វើឡើងនៅអធិការដ្ឋាន នគរបាលស្រុកឈូក ដែលក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរងទទួលផែនធនធានមនុស្ស លោកវរសេនីយ៍ឯក នៃ គង់ ស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម តំណាងលោកស្នងការនគរបាលខេត្ត និងលោកអភិបាលស្រុកឈូក លោកនាយនាយរង ការិយាល័យបុគ្គលិក លោកអធិការស្រុកទាំង៣ លោកមេបញ្ជាការកងរាជអាហត្ថស្រុក ព្រមទាំងលោកមេបញ្ជាការប្រតិបត្តិការ សឹករងស្រុក សរុប១៦៥រូប ផងដែរ។
មន្ដ្រីនគរបាល១២៩រូបនេះរួមមាន ២៩រូបត្រូវបានប្រកាសផ្ទេរសម្រួលភារកិច្ច និង១០០នាក់ បំពាក់ឋានន្ដរសក្ដិ ដែលក្នុងនោះមាន ថ្នាក់អនុសេនីយ៍ឯក៩នាក់ ថ្នាក់អនុសេនីយ៍ទោ១៣នាក់ ថ្នាក់អនុសេនីយ៍ត្រី២២នាក់ ថ្នាក់ព្រិន្ទបាលឯក២៩នាក់ និងថ្នាក់ព្រិន្ទបាលទោ២៧នាក់។
ក្នុងឱកាសនោះដែរ ក៏មានការចែកអំណោយជាថវិកា និងគ្រឿងឧបភោគ ជូនមន្ត្រីនគរបាលដែលខ្វះខាត និងមានជំងឺប្រចាំកាយ៩នាក់ ដោយម្នាក់ៗទទួលបាន ថវិកា២០ម៉ឺនរៀល ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងអំណោយ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្កសរ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម និងអំបិល១គីឡូក្រាម ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ៕