(ក្រចេះ)៖ លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទះ ដែលរកឃើញនៅវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតនៅក្រុងក្រចេះ។

ការត្រួតពិនិត្យនេះ លោក ហេង រតនា បានជំរុញដល់កម្លាំងសុីម៉ាក់ឲ្យប្រើគ្រឿងចក្រដើម្បីពន្លឿន ក្នុងការយកគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះ ក្នុងបរិវេនវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ឲ្យបានលឿនបំផុតដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយូរពេក។

លោកក៏បានក្រើនរំលឹក កម្លាំងសុីម៉ាក់ដែលកំពុងប្រត្តិបត្តការយកគ្រាប់ចេញពីបរិវេនវិទ្យាល័យនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ស្រោមដៃ និងពាក់អាវក្រោះការពារឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព ហើយធ្វើយ៉ាងត្រូវយកគ្រាប់ដែលមាននៅទីតាំងនេះឲ្យអស់ កុំឲ្យនៅមានសេសសល់ ត្រូវធ្វើឲ្យស្រាចជូនសាលាតែម្ដង។

អគ្គនាយកស៉ីម៉ាក់ ក៏បានថ្លែងអំណរគុណ អាជ្ញាធរដែនដី កម្លាំងនគរបាល លោកគ្រូ អ្នកគ្រូ ជាពិសេសលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដែលបានអនុញ្ញាត្តឲ្យបិទសាលារៀននេះ ព្រោះមិនអាចដោះមីនផង សិស្សមករៀនផងបានទេ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែសីហា រហូតមកដល់ថ្ងៃល្ងាចថ្ងៃទី១៣ ខែសីហា កម្លាំងសុីម៉ាក់ បានកាយយកគ្រាប់បានប្រមាណ២,១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ D.K.75 ចំនួន៦៣គ្រាប់, M48 ចំនួន១៨គ្រាប់ ដែលជាប្រភេទក្បាលគ្រាប់ផ្លោង, M79 ចំនួន២,០៣៣គ្រាប់, B40 ចំនួន១គ្រាប់ (ក្បាលគ្រាប់), H107 ចំនួន១គ្រាប់៕