(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ក្នុងឱកាសចម្រើនជន្មាយុ។

នាឱកាសដ៏មហានក្ខត្តឫក្ស ក្នុងពិធីចម្រើនជន្មាយុរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជក់យ៉ាងដូច្នេះថា «សូមសម្ដែងនូវមនោសញ្ចេតនា រីករាយយ៉ាងជ្រាលជ្រៅបំផុត និងសូមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ លោកកិត្តិនីតិកោសលបណ្ឌិតសូមបានប្រកបដោយសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ និង ជន្មាយុយឺនយូរ ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបាននូវជ័យជម្នះដ៏ត្រចះត្រចង់ថ្មីៗ ជាច្រើនថែមទៀតតរៀងទៅ»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្ដថា «សូមសម្ដែងនូវការគោរពដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់ លោកកិត្តិនីតិកោសលបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ល្អៗ ក្នុងការដឹកនាំទីស្តីការ គណៈរដ្ឋមន្ត្រីទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាបន្ត បន្ទាប់ ជូនសង្គមជាតិទាំងមូលជារៀងរហូតមក។ ជាពិសេស លោកកិត្តិនីតិកោសលបណ្ឌិត បានរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈការពង្រឹងនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងការបង្កើននូវ ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈសំដៅលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរ រុងរឿង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ព្រមទាំងជួយលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យល្បីរន្ទឺ លើសកលលោកថែមទៀតផង»។

ជាថ្មីម្ដងទៀត លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការជូនចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត និងលោកស្រី បុត្រា បុត្រី ចៅៗជាទីស្រលាញ់ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមបានប្រកបដោយពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕