(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៤៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ចំណាយថវិកា ៣៤៩,៥៩០,០០០រៀល ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតនៅភូមិសៀមរាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេនេះ លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋមេត្តារក្សាគម្លាតពីតបងមកផ្លូវបេតុង ដើម្បីឱ្យមានសោភ័ណភាពផ្លូវ និងធំទូលាយសម្រាប់ធ្វើចរាចរណ៍ ប្រកបដោយ សុវត្ថិភាពព្រមទាំងងាយស្រួលក្នុងការដាំដើមឈើឱ្យមានភាពស្រស់បំព្រង។
លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃប្រជាធិបតេយ្យ ជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុងមួយខ្សែនេះដែលបានប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ តាមរយ:ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមសំណូមពររបស់ប្រជាពលរដ្ឋ។
លោក ហាក់ ម៉ុងហួត បានបន្ថែមថា សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល។
លោក ហាក់ ម៉ុងហួត ក៏បានបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ បន្ទាប់ពីការសាងសង់ហើយត្រូវធ្វើរបង ទោះបីជាថ្ម ឬរបងធ្វើពីឈេីក្តីត្រូវមានគម្លាតពីសាច់បេតុង ដែលប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ ភូមិបាល និងប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ជាមួយលោកមេឃុំសហការគ្នាកំណត់គម្លាតពីផ្លូវបេតុងមក ក្នុងគោលបំណងដេីម្បឱ្យប្រជាពលរដ្ឋធ្វើរបងមានសោភ័ណភាព និងស្រស់ស្អាតគឺ ១៖ ឱ្យរត់ត្រង់ជួរគម្លាត ដេីម្បីមានសោភណភាពល្អ។ ២៖ សម្រាប់អភិវឌ្ឍធ្វេីលូរំដោះទឹកនៅពេលក្រោយ។ ៣៖ ដេីម្បីសម្រួលសុវត្ថិភាពក្នុងការធ្វេីចរាចរណ៍។ ៤៖ ក្រោយធ្វើហេីយមានការដាំដេីមឈេីលម្អដេីមផ្កានៅតាមមុខផ្ទះឱ្យបានព្រមៗគ្នាដេីម្បីការលេីកមុខមាត់និងប្រែក្លាយជាភូមិស្អាតបៃតង៕