(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ។
ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃពិធីខួបកំណើតរបស់ លោកនាយឧត្ដមសេនីយ៍ នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ សូម ឯកឧត្តម នាយឧត្ដមសេនីយ៍ ទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជន»។
សម្តេច សាយ ឈុំ បានបន្ដថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្នាដៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបាន នូវស្នាដៃជាច្រើន ក្នុងបេសកកម្មការពារថែរក្សាសន្តិភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិមាតុភូមិ ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះមហន្តរាយ ផ្សេងៗជាយថាហេតុ។ មួយវិញទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែចូលរួមជាវិភាគទាន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវរាល់បញ្ហាលំបាកៗចំពោះមុខ»។
ជាថ្មីម្តងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល់គ្រប់ប្រការជូន លោកនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី - សូមសម ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕