(ភ្នំពេញ)៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នា រៀបចំផែនការចាប់ជំរិតទារប្រាក់ ចំនួន១០មឺុនយ័ន ប៉ុន្តែមិនបានសម្រចនោះទេ ពោលយកលុយបានតែត្រឹម៤ម៉ឺនយ័នប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់យីហោនគរឡាក់គី បន្ទប់លេខ៣០៥ ជាន់ទី៣ ដែលមានទីតាំងលេខ៨ មុខបេនឡាបាត់ដំបង ខាងលិចផ្សារធំថ្មី ផ្លូវលេខ១២០ ភូមិ២ សង្កាត់ផ្សារទី២ ខណ្ឌដូនពេញ។
ក្រោយទទួលបានព័ត៌មាន នៃការចាប់ជំរិតនេះកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជឿ សមភណ្ឌ នាយផ្នែក ដោយមានការអនុញ្ញាតិពី លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានចុះត្រួតពិនិត្យករណីនេះ ហើយបាននាំខ្លួនស្រ្តីរងគ្រោះទៅកាន់នាយកដ្ឋាន ដើម្បីបន្តសួរនាំតាមចាប់ជនល្មើស។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលប្ដឹងថា គេចាប់ជំរិតនោះឈ្មោះ YEI AZHI អាយុ៤២ ជនជាតិចិន ស្នាក់នៅផ្ទះជួលម្ដុំសាលាចិនទួនហ្វា សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន មុខរបរលក់ខោអាវកូនក្មេងនៅផ្សារអូឡាំពិត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ស្រ្តីរងគ្រោះបានប្រាប់ប្តីគាត់ថា ចេញទៅជួបមិត្តភ័ក្រដើម្បីនិយាយការងាររកសីុ ស្រាប់តែបាត់ប្រពន្ធខ្លួនរហូតដល់ល្ងាច ទើបបានទទួលព័ត៍មានថាប្រពន្ធរបស់គាត់ត្រូវបានគេចាប់ជំរិត រួចគាត់ក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំរុះ ចុះទៅត្រួតពិនិត្យទីតាំង ផ្ទះសំណាក់ខាងលើ ភ្លាមនោះរកឃើញវត្ថុតាំង ខ្សែរជ័រចំនួន៤សរសៃ និងកាំបិតកៃមួយ។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងសកម្មភាពចាប់ជំរិតនេះ ជនល្មើសបានជំរិតទារប្រាក់ពីជនរងគ្រោះចំនួន១០មឺុនយ័ន ដោយជនរងគ្រោះរៀបចំវេរលុយពីប្រទេសចិន ឲ្យជនល្មើសបានចំនួន៤មឺុនយ័ន ទើបជនល្មើសព្រមដោះលែងជនរងគ្រោះវិញ។
បច្ចុប្បន្នសមត្ថកិច្ច បាននាំស្រ្តីរងគ្រោះទៅសាកសួរ ដើម្បីស្វែងរកជនសង្ស័យ ដើម្បើតាមចាប់ខ្លួនផងដែរ៕