(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី ជួយការងារផ្សព្វផ្សាយនិងចាត់ចែងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្របតាមកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានខិតខំយកចិត្ត ទុកដាក់លើកិច្ចការនយោបាយនីតិរដ្ឋ និងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ចល្អ កិច្ចការពារសន្តិសុខនិង ការអភិវឌ្ឍប្រទេសជាតិ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕