(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត និងគណៈអភិបាលរាជធានីទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ក្នុងសង្កាត់ក្បាលកោះ ក៏ដូចជានៅក្នុងខណ្ឌច្បារអំពៅទាំងមូល ដែលបានអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតកន្លងមក ដោយទិន្នន័យឃើញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចំនួន ៨៥,៧៣% នៃបញ្ជីឈ្មោះបានទៅបោះឆ្នោត ហើយក្នុងនោះចំនួន ៧៦,០៧% បោះជូនគណបក្សប្រជាជនកម្ពុជា។
ដោយឡែក នៅខណ្ឌច្បារអំពៅ មានប្រជាពលរដ្ឋចំនួន ៨៧.៨៨ភាគរយ នៃបញ្ជីឈ្មោះបានទៅបោះឆ្នោត ក្នុងនោះចំនួន ៨២.៧១% បោះជូនគណបក្សប្រជាជនកម្ពុជា។ សង្កាត់ក្បាលកោះ ប្រជាពលរដ្ឋចំនួន ៨៨.៧៨ភាគរយ នៃបញ្ជីឈ្មោះបានទៅបោះឆ្នោត ក្នុងនោះ ចំនួន៨០.៤៥% បោះជូនគណបក្សប្រជាជនកម្ពុជា។
លទ្ធផលខាងលើជាសក្ខីភាព ដែលបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គាំទ្ររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្ត និងគាំទ្របេក្ខភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេន ហើយប្ដេជ្ញាការពារសន្តិភាព ដើម្បីការអភិវឌ្ឍទៅមុខបន្តទៀត។
ជាមួយគ្នានោះ លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ ដោយសារតែកត្តាសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃ្លាំង ហួត បានអំពាវនាវ ចំពោះប្រជាពលរដ្ឋ យោគយល់គ្នា សម្របសម្រួលគ្នា កុំមានបញ្ហារឿងព្រំដីជាប់គ្នា កើតជាទំនាស់រវាងគ្នា។ លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែផ្តល់ជូន កម្មសិទ្ធិដីស្របច្បាប់ជូនតែប៉ុណ្ណោះ លោកនឹងជំរុញមន្ត្រីជំនាញខណ្ឌ ចុះរៀបចំបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ឲ្យបានធំ ឲ្យល្អប្រសើរថែមទៀត៕