​(ភ្នំពេញ)៖ ​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ​ ភាគីពាក់ព័ន្ធចំនួនជិត៣០០នាក់ ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភ បានជួបជុំគ្នា​ប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ​ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

​នេះជាលើកទី២ហើយ ដែលកម្ពុជាបានប្រារព្ធពិធីអបអរទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក។ ចំពោះការអបអរព្រឹត្តិការណ៍ ស្តីពីទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជាឆ្នាំនេះ ​ត្រូវបានដឹកនាំនិងសម្របសម្រួល ដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមប្រធានបទជាសកល «ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិត»។

​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា​ ជំងឺដែលបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ។ ហេតុនេះយើងបានប្ដេជ្ញាលើកកម្ពស់ របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ (multisector approach) ដើម្បីធ្វើឱ្យមានរបបអាហារសុខភាពនិងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតប ចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ប៉ុន្តែកិច្ចនេះ ក៏ត្រូវការកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយ ឱ្យចូលរួមដោយស្មោះស្ម័គ្រ ទើបអាចទទួលបានជោគជ័យ ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ មានរួមទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរ នៅកម្ពុជានៅឡើយ។ នៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺ ដែលបានរាយការណ៍មក គឺបណ្តាល មកពីការពុលអាហារ ឬរោគរាគរូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ករណី ត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួន ជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារ ការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។

វេជ្ជបណ្ឌិត ណាហ្គីស្សា ខូជេវ៉ា តំណាងស្តីទីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាមានប្រសាន៍ថា៖«សុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លុះត្រាតែអាហារមានសុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ»

វេជ្ជបណ្ឌិត ណាហ្គីស្សា ខូជេវ៉ាបន្តថា «ប្រៀបធៀបទៅនឹងកម្រិតសាកលនៅតំបន់អាស៊ីអាគ្នេយ៍ មានកំណើនជំងឺប្រភេទនេះ និងមានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺបង្ក ដោយម្ហូបអាហារនេះយ៉ាងច្រើន។ ការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា បានជួយពង្រឹងសុវត្ថិភាពម្ហូបអាហារ និងជួយការពារសុខភាពប្រជាជនកម្ពុជា គ្រប់គ្នារហូតមកដល់ពេលបច្ចុប្បន្ននេះ»

​លោក អ៉ំ កុសល ឧបការីតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ គឺជាទំនួលខុសត្រូវចម្បងរបស់ភាគីទាំងអស់ ដែលធ្វើការក្នុងខ្សែច្រវាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័នគ្រប់គ្រងម្ហូបអាហារ ម្ចាស់អាជិវកម្មរហូតដល់អ្នកប្រើប្រាស់។

លោកបន្តថា «ការជួបជុំនាថ្ងៃនេះ គឺជាសញ្ញានៃការទទួលស្គាល់ចំពោះអត្ថប្រយោជន៍ភាពជាដៃគូ និងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់តាមខ្សែច្រវាក់តម្លៃ ចាប់តាំងពីការផលិតនៅកសិដ្ឋាន រហូតដល់អាហារនៅលើតុ ហើយនៅពេលនិយាយពីសុវត្ថិភាពម្ហូបអាហារ គឺត្រូវគិតពីបរិយាកាសម្ហូបអាហារ ព្រមទាំងជម្រើសរបស់អ្នកប្រើប្រាស់»

​លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានលើកឡើងថា «ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជា មានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ស្របពេលដែលប្រទេសនេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នយើងកំពុងជួយចងក្រងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើន តាមរយៈការកសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរនិងឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈ។ តាមរយៈ ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) យើងកំពុងអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ដោយធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយលក្ខខ័ណ្ឌតម្រូវនានារបស់សហភាពអឺរ៉ុប ព្រមទាំងអាចយកទៅប្រើក្នុងវិស័យផ្សេងទៀតផងដែរ»។

ការប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា បានផ្តល់នូវឱកាស ដើម្បីពិនិត្យមើលវឌ្ឍនភាពសមិទ្ធិផល ដែលសម្រេចបានក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ ព្រមទាំងផ្តល់យុទ្ធសាស្ត្រអាទិភាពរួមឆ្ពោះទៅមុខ ដូចដែលបានព្រមព្រៀងគ្នា។ សមិទ្ធិផលទាំងនោះមានដូចជា ការអនុម័តច្បាប់សុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០២២ ព្រមទាំងច្បាប់ និងគោលនយោបាយផ្សេងទៀតដូចជាច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពនៃផលិតផល និងសេវាកម្ម។ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវអនុវត្ត ដើម្បីធានាឱ្យបាននូវអាហារដែលមានសុវត្ថិភាព និងប្រកបដោយសារជាតិចិញ្ចឹមសម្រាប់ទាំងអស់គ្នា។

លោកស្រី គ្លែ ខូណន នាយិកាកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានមានប្រសាន៍ថា «យើងជឿថាការទទួលបានអាហារដែលមានសុវត្ថិភាព និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សម្នាក់ៗ។ តាមរយៈការធ្វើការលើសុវត្ថិភាពម្ហូបអាហារ ក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារ ដល់កុមារដែលខ្វះខាតម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ម្ហូបអាហារដែលពួកគេបរិភោគមានសុវត្ថិភាព និងប្រកបដោយផាសុខភាពផងដែរ»៕