(ព្រៃវែង)៖ លោក នួន ថោង ជាសាស្ត្រាចារ្យនៅសាលាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ ផ្នែកខាងទស្សនវិជ្ជាព្រះពុទ្ធសាសនា បានប្រាប់អំពីគន្លឹះនៃអត្ថប្រយោជន៍ការធ្វើសមាធិដែលនាំឲ្យយើងសម្រេចចិត្តបានត្រឹមត្រូវនឹងមានលំនឹងផ្លូវចិត្តបានយ៉ាងល្អ។

លោកសាស្ត្រាចារ្យក៏បានពន្យល់ទៀតថា ការសមាធិគឺជាបច្ចេកទេសដ៏សាមញ្ញ ដោយយកសតិ និងស្មារតីទាំងស្រុងដាក់ក្នុងរន្ធច្រមុះ ឱ្យដឹងខ្យល់ដង្ហើមចូល ខ្យល់ដង្ហើមចេញ ការហាត់ធ្វើសមាធិ តាមវិធីសាស្រ្តដោយសាមញ្ញនេះ រយៈពេលប្រមាណពី១០ទៅ១៥នាទី លោក លោកស្រីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងនោះអត្ថប្រយោជន៍សំខាន់បំផុត គឺមានចំនួន៣៖

* ទី១.អ្នកធ្វើសមាធិទទួលបាននូវលំនឹងខាងផ្លូវចិត្តទៅលើគ្រប់បញ្ហាទាំងអស់ នៅពេលដែលចិត្តតម្កល់មាំ ដោយការចម្រើនសមាធិ ទោះបីមានបញ្ហាកើតឡើងចំពោះលោក លោកស្រី ក៏នៅតែមានតុល្យការផ្នែកខាងផ្លូវចិត្ត ក៏នៅតែមានលំនឹងផ្លូវចិត្តអាចគ្រប់គ្រងស្ថានការបាន។

* ទី២.នៅពេលហាត់ធ្វើសមាធិជាប្រចាំ នឹងមានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ អាស្រ័យទៅលើលំនឹងផ្លូវចិត្តនោះ ជាការពិតនៅពេលលោក លោកស្រី សម្រេចចិត្តការងារធំៗជាថ្នាក់ជាតិក្តី ជាថ្នាក់អន្តរជាតិក្តីគួរតែធ្វើសមាធិពី៤ទៅ៥នាទី នោះលោក លោកស្រីនឹងទទួលបានស្មារតីរឹងមាំមានតុល្យការផ្នែកខាងផ្លូវចិត្ត ហើយនិងឈានទៅរកការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។

* ទី៣.ទទួលបានបញ្ញាស្មារតីភ្លឺថ្លាជាងមុននៅពេលធ្វើសមាធិទី៤ទៅ៥នាទីទទួលអារម្មណ៍មួយសុខស្ងប់ដោយអំណាចនៃការតម្កល់ចិត្តត្រង់រន្ធច្រមុះឱ្យដឹងចលនាដង្ហើមចូល ដង្ហើមចេញ ពេលនោះលោកលោកស្រីនិងមានបញ្ញា ឃើញបញ្ហាកាន់តែច្បាស់ជាងមុនហើយឈានទៅដល់ការសម្រេចចិត្តមួយ ត្រឹមត្រូវប្រសើរជាងមុនអាស្រ័យហេតុនេះ ទើបវិទ្យាស្ថានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យមកពីតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា មកធ្វើសមាធិនៅរមណីយដ្ឋានភូមិសុខារាវី ស្រុកកំពង់ត្របែកខេត្តព្រៃវែងនាពេលនេះ ហើយមុនពេលរៀនទៅតាមកម្មវិធី ក៏មានការធ្វើសមាធិប្រមាណ១០ទៅ១៥នាទី ដើម្បីឲ្យពួកគាត់ទទួលបានអារម្មណ៍ស្រស់ថ្លា រីករាយបន្ទាប់អំពីការហាត់ធ្វើសមាធិនេះ៕