(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាស្ត្រនូបត្ថម្ភក៍ អៀង សុធារ៉ា ដែលជាអាជីវករតាមបែបព្រះពុទ្ធសាសនា និងជាពាណិជ្ជករ ល្បីឈ្មោះមួយរូបនៅកម្ពុជា បានប្រាប់គន្លឹះដល់ក្រុមគ្រូពេទ្យ ក្នុងការដឹកនាំ និងព្យាបាលដល់អ្នកជំងឺ ប្រកបដោយគុណភាព ត្រូវប្រកាន់យកសុជីវធម៌ គុណធម៌ និងសីលធម៌ គួបផ្សំបច្ចេកទេសត្រឹមត្រូវទៀតនោះ ការដឹកនាំ និងការព្យាបាលអ្នកជំងឺ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រូពេទ្យ និងទទួលបានលទ្ធផលល្អជាក់ជាមិនខានឡើយ។

ការថ្លែងបែបនេះរបស់លោក អៀង សុធារ៉ា នៅក្នុងឱកាស អញ្ជើញធ្វើជាគ្រូបង្គោលក្នុងវគ្គ បណ្តុះបណ្ដាលម៉ូឌុលទី៤ ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យជំនាន់ទី៦» នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក អៀង សុធារ៉ា បានបន្តថា ថ្ងៃនេះនៅរមណីយដ្ឋានភូមិសុខារាវី ស្រុកកំពង់ត្របែកខេត្តព្រៃវែង មានកម្មវិធីបណ្ដុះបណ្ដាលម៉ូឌុលទី៤ ស្ដីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យជំនាន់ទី៦ ដែលរៀបចំឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ដែលមានក្រុមគ្រូពេទ្យចំនួន៣០នាក់ ភាគច្រើនជាប្រធាន អនុប្រធានមណ្ឌលសុខភាព នៅតាមខេត្ត-រាជធានី ក្នុងប្រទេសកម្ពុជា ហើយការសិក្សានេះផ្ដោតសំខាន់ចំនួន៣ចំណុចគឺទី១៖ សុជីវធម៌របស់មន្ត្រីដែលធ្វើការក្នុងវិស័យវេជ្ជសាស្ត្រ, ទី២៖ សីលធម៌ និងទី៣៖ គុណធម៌ដែលបច្ចុប្បន្ននេះក្រុមគ្រូពេទ្យ ក៏ដូចជាមន្ត្រីរបស់យើងត្រូវការជាចាំបាច់ ការចេះដឹងច្បាស់លាស់ ផ្នែកទាំង៣នេះ ដោយឈរលើមូលដ្ឋានព្រះពុទ្ធសាសនា និងមូលដ្ឋានវប្បធម៌ អរិយធម៌របស់ជាតិយើង។

លោកបានបន្តថា សុជីវធម៌ គុណធម៌ សីលធម៌ សម្រាប់គ្រូពេទ្យជាថ្នាក់ដឹកនាំ នៅតាមមណ្ឌលសុខភាពសំខាន់ណាស់ ដោយក្រុមគ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ ឲ្យបានច្បាស់លាស់ ដោយកាយវិការសម្ដីសំដៅពិរោះពិសា ការយកចិត្តទុកដាក់ជាមួយអ្នកជំងឺ និយាយពន្យល់ច្បាស់លាស់ប្រកបដោយវាចាពីរោះ កុំបន្លាចអ្នកជំងឺ កុំធ្វើចរិតច្រងេងច្រងាងដាក់អ្នកជំងឺ បើអនុវត្តបានទាំងប៉ុន្មានចំណុចនេះ អ្នកជំងឺនិងគោរពយើងជាគ្រូពេទ្យល្អ ទុកចិត្ត និងព្យាបាលអស់ចិត្តដែរ។

តែផ្ទុយទៅវិញ បើអ្នកជំងឺឃើញកាយវិកាគ្រូពេទ្យនិយាយ មិនសមរម្យដាក់អ្នកជំងឺ ស្តីបន្ទោសអ្នកជំងឺ កាន់តែឈឺធ្ងន់ថែមទៀត។ ចំណែកឯសីលធម៌ប្រៀបធៀបទៅនឹងសីលប្រាំទី១៖ មិនសម្លាប់, ទី២៖លួច ទី៣៖ ខុសនឹងកាម, ទី៤៖ ភូតកុហកឆបោក និងទី៥៖ ផឹកគ្រឿងស្រវឹង ដូច្នេះគ្រូពេទ្យយើងត្រូវអនុវត្តឲ្យបានទាំង៥ចំណុចនេះ។

លោកបានបន្តថា សម្រាប់គុណធម៌មានន័យជ្រៅជាងនឹងទៅទៀត គឺគ្រូពេទ្យត្រូវមានព្រហ្មវិហារធម៌គឺមានមេត្តា ករុណា ឧបេក្ខា មុទិតា ដោយយើងមើលអ្នកជំងឺដោយមេត្តា ដោយក្តីស្រឡាញ់ ដោយចាត់ទុកអ្នកជំងឺប្រៀបដូចជាកូនរបស់យើង ឪពុកម្ដាយរបស់យើង និងបងប្អូនសាច់ញាតិ។ ករុណាសំដៅទៅលើការប្រើប្រាស់ថ្នាំ ដែលមានគុណភាពដល់អ្នកជំងឺ។មុទិតាត្រូវមានចិត្តសាទរចំពោះការព្យាបាលអ្នកជំងឺ ដែលបានជាសះស្បើយ ឧបេក្ខា គឺជាការផ្ដល់យុត្តិធម៌ដល់អ្នកជំងឺ ក្នុងការព្យាបាលឲ្យស្មើភាពគ្នាផងដែរ។

ជាមួយគ្នានេះ លោក អៀង សុធារ៉ា ក៏បានសង្ឃឹមយ៉ាងមុតមាំថា វគ្គបង្រៀនបណ្ដុះបណ្ដាល និងជួយចែករំលែកបទពិសោធន៍ តាមបែបព្រះពុទ្ធសាសនា ដែលផ្ដោតសំខាន់ទៅលើសុជីវធម៌ សីលធម៌ គុណធម៌ ជួយឲ្យក្រុមគ្រូពេទ្យដែលបានចូលរួមនាពេលនេះ បានចេះដឹងយកទៅប្រើប្រាស់ ចែករំលែកដល់អ្នកដែលនៅជុំវិញខ្លួន ហើយបន្តិចម្ដងៗ គុណធម៌ សុជីវធម៌ សីលធម៌ របស់គ្រូពេទ្យ គួបផ្សំបច្ចេកទេស និងម៉ាស៊ីនទំនើបៗ នឹងជួយឲ្យក្រុមគ្រូពេទ្យ ព្យាបាលរោគាទាំងឡាយ ទាំងពួងបានប្រសើរជាងមុន៕