(ភ្នំពេញ)៖ ក្រុមសហជីពជាច្រើនបាន និងកំពុងបើកកិច្ចពិភាក្សាផ្ទៃក្នុងមួយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីបោះឆ្នោតកំណត់យកតួលេខជាក់លាក់មួយ សម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលត្រីភាគីនាពេលខាងមុខ។ នេះបើតាម លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា។
កិច្ចប្រជុំនោះ បានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយមានតំណាងសហជីពឯករាជ្យ ចូលរួម ប៉ុន្តែសហជីពមួយចំនួនទៀត ដែលធ្លាប់មាននិន្នាការគាំទ្ររាជរដ្ឋាភិបាល ពុំមានវត្តមាននៅក្នុងការពិភាក្សានេះឡើយ។
លោក ហ្វា សាលី ដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានប្រាប់ Fresh News ឱ្យដឹងថា សហជីពបានរកឃើញការចំណាយរបស់កម្មករកើនឡើងប្រមាណ១២៤ដុល្លារ ក្នុងខែ ហើយបូករួមទាំងប្រាក់ ដែលត្រូវផ្ញើទៅឱ្យអ្នកផ្ទះផងនោះ ធ្វើឱ្យប្រាក់ចំណាយរបស់កម្មករក្នុងម្នាក់ៗ កើនឡើងជាង ១៧០ដុល្លារ។ ទោះជាយ៉ាងណា លោកថា ក្រុមសហជីពកំពុងតែរៀបចំការបោះឆ្នោត ដែលសម្រេចកំណត់តួលេខមួយនៅប្រមាណ១ម៉ោងក្រោយ។
លោកថា «ការចំណាយរបស់កម្មករទូទាំងប្រទេស ១២៤ដុល្លារ បួកជាមួយនិងប្រាក់ផ្ញើទៅគ្រួសារ៤៧ ដុល្លារស្មើ ១៧១ បូកអតិផរណា៣ភាគរយ ស្មើ១៧៦»។
រាជរដ្ឋាភិបាលបានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលជូនកម្មកររៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន ប្រាក់ខែអប្បបរមារបស់កម្មករ ក៏ត្រូវបានដំឡើងពី១២៨ដុល្លារ ដល់១៤០ដុល្លារ ផងដែរ ដើម្បីចូលរួមសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។
សម្រាប់ឆ្នាំនេះ ការចរចាប្រាក់ឈ្នួល នឹងធ្វើឡើងជាបន្តបន្ទាប់ចាប់ពីខែ សីហានេះតទៅ រវាងភាគីពាក់ព័ន្ធ ក្នុងនោះមានខាងរដ្ឋាភិបាលតំណាងដោយក្រសួងការងារ ខាងសហជីព និងខាងនយោជកផងដែរ។ ការសម្រេចដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករឆ្នាំ ២០១៧ នឹងធ្វើឡើងនៅខែតុលាខាងមុខនេះ៕