(ភ្នំពេញ)៖ មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (មូលនិធិ ស.គ.ន.) នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការស្ទែមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង «ភាពច្នៃប្រឌិតលើការរចនា ផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា» ព្រឹត្តិការណ៍នេះនឹងផ្ដល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់អាចបញ្ចេញស្នាដៃ និងសមត្ថភាព ឬភាពប៉ិនប្រសប់របស់ខ្លួនជាសាធារណៈនៅក្នុងការរចនាផលិតផលមេកាត្រូនិចផ្សាភ្ជាប់ប្រធានបទណាមួយដែលទាក់ទងនឹងការជួយដល់ការរស់នៅប្រចាំថ្ងៃ ឬអាចជួយដល់សង្គម។

សិស្សានុសិស្សអាចចូលរួមជាក្រុមដែលមានសមាជិកយ៉ាងច្រើនចំនួន៥នាក់ ការប្រកួតមួយនេះក៏ជាវេទិកាដែលអាចឱ្យសិស្សានុសិស្សបង្ហាញអំពីភាពវៃឆ្លាត (ingenuity) ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់ ( utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ Function)។ក្រុមសិស្សានុសិស្សដែលជាជ័យលាភីនឹងទទួលបានថវិកាគាំទ្រសម្រាប់ផលិតស្នាដៃការរចនាផលិតផលមេកាត្រូនិច ព្រមទាំងថវិកាលើកទឹកចិត្តក៏ដូចជាទទួលបានការផ្សព្វផ្សាយ និងការតាំងបង្ហាញជាសាធារណៈផងដែរ។

នីតិវិធីនៃការប្រកួតប្រជែងការឌីហ្សាញផលិតផលមេកាត្រនិច នឹងប្រព្រឹត្តិទៅជា ៧ ដំណាក់កាល។

ដំណាក់កាលទី១៖ សិស្សានុសិស្សត្រូវធ្វើការចុះឈ្មោះ និងសរសេរពិព័ណ៌នាសង្ខេបពីគម្រោងរបស់ខ្លួនចាប់ពីថ្ងៃបើកការប្រកួតជាផ្លូវ ការរហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

ដំណាក់កាលទី២៖ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៣០ក្រុម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ដំណាក់កាលទី៣៖ ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើសពីដំណាក់កាលទី២ នឹងទទួលបានកញ្ចប់ថវិកា និងមានរយៈពេល ៣សប្តាហ៍ដើម្បីរៀបចំវត្ថុគំរូតាមរយៈការធ្វើវីដេអូសម្រាប់គណៈកម្មការវាយតម្លៃនៅថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

ដំណាក់កាលទី៤៖ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៥ -១០ក្រុម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។

ដំណាក់កាលទី៥៖ ក្រុមសិស្សានុសិស្សដែលបានជាប់ពីដំណាក់កាលទី៤ នឹងទទួលបានការបណ្ដុះបណ្តាលបន្ថែមពីអ្នកជំនាញនិងទទួលបានកញ្ចប់ថវិកាបន្ថែម

ដំណាក់កាលទី៦៖ ការធ្វើវេទិកាសាធារណៈនិងប្រកាសលទ្ធផលនៃក្រុមជ័យលាភីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

ដំណាក់កាលទី៧៖ ក្រុមទទួលបានជ័យលាភីចំនួន៣ អាចត្រៀមខ្លួនដើម្បីចូលរួមព្រឹត្តិការណ៍ «បំណងប្រាថ្នា»

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីប្រកួតខាងលើអាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/frxOW ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣។ ប្រសិនបើសិស្សានុសិស្សមានចម្ងល់ឬមានបំណងចង់សាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងនីតិវិធីនិង ដំណើរការនៃព្រឹត្តិការណ៍ សិស្សានុសិស្សអាចធ្វើការទាក់ទងដោយផ្ទាល់តាមរយៈតេឡេក្រាមលេខ ០១៤៣៨១ ២៧១ ៕