(ភ្នំពេញ)៖ នៅក្រោយពេលដែលប្រទេសចិន ជាប្រទេសដំបូងដែលបានមកបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា នៅក្រោយពេលដែលកម្ពុជា មានការប្រកាសពីថ្នាក់ដឹកនាំបន្តវេនថ្មីនោះ។ ការបំពេញទស្សកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាទៅប្រទេសណាមួយនោះ ក៏កំពុងស្ថិតនៅក្នុងការតាមដានរបស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ។

នៅក្នុងនាមជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗ លោក ពុយ គា បានឲ្យដឹងថា បើយោងតាមកម្មវិធីប្រជុំធំៗទាំងក្នុងតំបន់និងអន្តរជាតិ នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោកនឹងត្រូវទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ ហើយក៏អាចនឹងទៅចូលរួមពិព័ណ៌អាស៊ាន-ចិន នៅពាក់កណ្ដាលខែកញ្ញាខាងមុខ ហើយក៏អាចបំពេញទស្សកិច្ចផ្លូវការនៅប្រទេសចិននៅពេលនោះផងក៏ថាបាន។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅដើមខែកញ្ញា ខាងមុខក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំង១០ ក្នុងនោះក៏មានមេដឹកនាំដៃគូអាស៊ានចំនួន៨ ប្រទេសផ្សេងទៀត ដូចជា៖ អាមេរិក, ចិន, ឥណ្ឌា, រុស្ស៉ី , ជប៉ុន, កូរ៉េខាងត្បូង, ញូហ្សេលេន និងអូស្រ្តាលី។ ខណៈដែលចិន បានអញ្ជើញ ឯកឧត្តមគតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅចូលរួមនៅក្នុងពិព័ណ ចិន-អាស៊ាន នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ នឹងត្រូវបានគេរំពឹងថា អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ចផ្លូវការនៅក្នុងពេលនោះតែម្ដង៕