(សៀមរាប)៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (ACU) បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) លើកទី១៩ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

នេះគឺជាកិច្ចប្រជុំក្របខ័ណ្ឌស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី២ ដែលកម្ពុជា បានរៀបចំក្នុងឋានៈជាប្រធានប្តូរវេននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ២០២២-២០២៣ ដោយមានការ ចូលរួមពីតំណាងស្ថាប័នប្រឆាំងអំពើពុករលួយទាំង១០ប្រទេស។

សូមបញ្ជាក់ថា ស្ថាប័នប្រឆាំងអំពើ ពុករលួយអាស៊ាន (ASEAN-PAC) បានបង្កើតឡើងនៅឆ្នាំ២០០៤ ក្រោមគោលបំណងរួម គឺពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាជួយគ្នាទៅវិញទៅមកទាំងលើការផ្លាស់ប្ដូរបទពិសោធន៍ ការកសាងសមត្ថភាព និងការស៊ើបអង្កេតសំណុំរឿង។

កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់មួយ ដែលតំណាងស្ថាប័នទាំង១០ មកអង្គុយរួមគ្នា ជជែកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ត្រួតពិនិត្យសកម្មភាព ដែលបានអនុវត្តរួមគ្នា ១ឆ្នាំកន្លងមក និងត្រៀមរាយការណ៍ជូនកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានដែលនឹងធ្វើឡើងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាចុងឆ្នាំនៅពេលឡាវ ធ្វើជាប្រធានប្តូវវេនបន្ដពីកម្ពុជា។ លទ្ធផលសំខាន់ៗទទួលបានក្នុងកិច្ចប្រជុំទាំង២លើកនៅកម្ពុជា ក៏ដូចជាកិច្ចការងារក្នុងមួយឆ្នាំពេញ ដែលកម្ពុជាធ្វើជាប្រធានប្តូរវេននឹងត្រូវរាយការណ៍ជូនដល់លេខាធិការដ្ឋានអាស៊ានសម្រាប់ប្រើប្រាស់ជាព័ត៌មាន និងការរាយការណ៍បន្តនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំអាស៊ាន។

ជាមួយនេះដែរ ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជាតែងតែផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ជូនដល់គណៈប្រតិភូអាស៊ានដោយមានទាំងការរៀបចំពិធីស្វាគមន៍អាហារពេលល្ងាច និងទស្សនកិច្ច កម្សាន្តទៅតំបន់ប្រាសាទអង្គរវត្តដ៏អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕