(ភ្នំពេញ)៖ រយៈពេល៧ខែ ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣.០៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា «រយៈពេល៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,០៣៧,៣៤៤នាក់ កើនឡើង ៣០៨.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២»។
ភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវអាកាសមានចំនួន ១,០៦៥,២៣៣នាក់ កើនឡើង ២៣៦.៨%។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវគោកនិងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់ កើនឡើង ៣៦១.៧%។
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា រួមមាន៖
១. ថៃ ១,០២៨,០២០នាក់ កើនឡើង ៣៣១.២%
២. វៀតណាម ៥៥១,១៥៦នាក់ កើនឡើង ១៩០.៤
៣. ចិន ៣១៨,៤៩៨នាក់ កើនឡើង ៦៦៨.៩%
៤. ឡាវ ១៧៣,៨៨៦នាក់ កើនឡើង ២៦២៥.៩%
៥. សហរដ្ឋមអាម៉េរិក ១១០.៦៩៧នាក់ កើនឡើង ២១៧%
៦. កូរ៉េខាងត្បូង ១០១,៧២៨នាក់ កើនឡើង ៣៤១.៨%
៧. ឥណ្ឌូណេស៉ី ៧២.៩០៤នាក់ កើនឡើង ១៦៦.៦%
៨. បារាំង ៦១.៣៤៤នាក់ កើនឡើង ១៧៤.៣%
៩. ចក្រភពអង់គ្លេស ៥៨,៨២៩នាក់ កើនឡើង ២៨៥.៥%
១០. រុស្ស៉ី ៥៨.៦៩៣នាក់ កើនឡើង ៣៦៥៧.៦%។
ចំពោះភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសមានចំនួន ១,០០៩,០៧៣នាក់ កើនឡើង ២៤៣.៦% ខណៈភ្ញៀវបរទេសផ្ទៃក្នុងដែលចេញពីកម្ពុជាមានចំនួន ២,៨៩៣,០៧១នាក់ កើនឡើង ៣៥៣%។
រយៈពេល៧ខែដូចគ្នានេះដែរ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ១៣លាននាក់ ក្នុងនោះភ្ញៀវទេសចរជាប្រជាពលរដ្ឋខ្មែរ ១១,៧៨២,៧៦០នាក់ កើនឡើង ៦៨.៣% និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ១,៥៣១,៤៦៧នាក់ កើនឡើង ៨០%។
បើតាមការរំពឹងទុករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៥លាននាក់៕