(កំពង់ឆ្នាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ​វិនិ​យោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់​ភ្នំទេ​ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការវិនិយោគនេះ ជាការរួមចំណែកធ្វើឱ្យ​ប្រសើរឡើងលើប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ ក្នុងពេលរូបលោក​អញ្ជើញចុះពិនិត្យដំណើរការសាងសង់កំពង់ផែ និងសំណេះសំណាលជា​មួយ​បុគ្គ​លិក និងកម្មករ ដែលកំពុងបម្រើការងារនៅទីនោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២៣កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែលមានឆន្ទៈច្បាស់លាស់​ក្នុង​​ការវិនិយោគ ហើយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនានាលេចចេញជារូបរាងយ៉ាង​ឆាប់​​រហ័ស។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន បុគ្គលិក កម្មករ ក៏ដូចជាប្រជាពលរដ្ឋត្រូវចេះរួមសហការគ្នាធ្វើឱ្យការវិនិ​យោគ​​ទទួល​បានជោគជ័យ ហើយកំពង់ផែដំណើរការតាមការគ្រោងទុក ដើម្បីជា​ប្រយោជ​ន៍​​រួម។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក និងកម្មករជាង៣០០នាក់ លោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាជូនពួកគេម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង​មជ្ឈ​មណ្ឌល​​ភស្តុភារ​កម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគដ៏ធំជាលើកដំបូង​ហើយសម្រាប់​ទឹក​ដី​ស្រុកកំពង់លែង ជាមួយទឹកប្រាក់រហូតដល់ទៅជាង ៣០០លានដុល្លារអាមេរិក។

លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាល​អនុ​ញ្ញាត​ឱ្យ​វិនិ​យោគ​មានទំហំប្រមាន ១០០ហិកតា ហើយគម្រោង​វិនិ​យោគ​របស់ក្រុមហ៊ុន​នៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិ​ប្រេង បង្កើត​រម​ណី​យ​​​ដ្ឋាន​ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរ​ទំនិញ ឃ្លាំង​សម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។

ការសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនៅស្រុកកំពង់លែង គឺ​ជានយោបាយតបណ្តាញខ្សែដឹកជញ្ជូនតាមផ្លូវទឹកដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំបណ្តាញដឹកជញ្ជូនកាន់តែសម្បូរបែប ជាពិសេសតាមផ្លូវទឹក គឹជាចំណែកធំមួយបញ្ចៀសការខូចផ្លូវថ្នល់ និងកាត់បន្ថយតម្លៃប្រតិបត្តិការផ្នែកដឹក​ជញ្ជូនផងដែរ។

បច្ចុប្បន្ននេះក្រុមហ៊ុនសម្រេចបានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានការចាក់ដីលើកកម្ពស់ទីធ្លាផែបញ្ចៀសទឹកលិចនារដូវវស្សា ចាក់ផ្លូវបេតុង​ពី​ផ្លូវ​ជាតិ ចូលទីតាំងផែ សាងសង់ស្ថានីយ៍ជញ្ជីងថ្លឹង សាងសង់អគារ​រដ្ឋបាលផ្សេងៗទៀត។ ពេលនេះកំពង់ផែ ក៏អាចដំណើរការ​ដឹកជញ្ជូនបានផងដែរ៕