(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​​នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់​គោរម​ងារ​ជា «ឧកញ៉ា» ជូនលោកស្រី សោម ទីណា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារតបតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា លោកស្រី សោម ទីណា គឺជាអគ្គនាយិការមជ្ឈមណ្ឌលកែ​សម្ភស្ស «Tina Beauty Care»។ លោកស្រី សោម ទីណា ត្រូវបានគេកត់​សម្គាល់​ថា តែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលនានា​បម្រើ​​ជាប្រយោជ​ន៍​ក្នុងសង្គម។ បន្ថែមពីលើនោះ លោកស្រី ជាមនុស្សប្រកប​ដោយ​ចិត្តបុណ្យ ចិត្ត​មេត្តា ហើយតែងធ្វើសកម្មភាពមនុស្សធម៌​ជួយដល់​ទុរគត​ជន ជនចាស់ជរា និងជន​ដែល​ជួបការលំបាកជាដើម។

លោកស្រី សោម ទីណា បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងចំពោះការទទួល​បាននូវគោរមងារជា «ឧកញ៉ា» នាពេលនេះ។ លោកស្រី ចាត់ទុកការទទួលបាន​នូវ​គោរមងារជាកិត្តិយសដ៏ធំធេងសម្រាប់លោកស្រី និងក្រុមគ្រួសារទាំងមូល។

លោកស្រី បានក្រាបថ្វាយបង្គំបរមរាជានុញ្ញាតថ្លែងអំណរព្រះគុណយ៉ាង​ជ្រា​ល​ជ្រៅ​​ថ្វាយព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់​បង្គាប់​ផ្តល់នូវគោរមងារជា «ឧកញ៉ា» ជូនលោកស្រី។

លោកស្រី សោម ទីណា ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារប្រកបដោយកិត្តិយសជូនលោកស្រី។

លោកស្រី ទីណា បានប្រកាសសន្យាប្រឹងប្រែងប្រតិបត្តិខ្លួនឱ្យសមនឹងគោរមងារដ៏ខ្ពង់ខ្ពស់នេះ តាមរយៈការធ្វើសកម្មភាពនានាជាប្រយោជន៍សង្គម និងប្រជាពលរដ្ឋ៕