(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយពី ផលវិបាកនៃគ្រឿងញៀន ដល់សិស្សានុសិស្សនៃសាលាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះដែរ លោក យឹម សារ៉ាន់ អធិការខណ្ឌ បានថ្លែងប្រាប់ប្រាប់ប្អូនៗ ក្មួយៗថា គ្រឿងញៀនមិនមែនជាឱសថ សម្រាប់ជួយបំបាត់ទុក្ខព្រួយ ឬជួយឲ្យរៀនពូកែជួយលើកកម្លាំង ឬជួយធ្វើឲ្យមានសម្រស់ស្រស់ស្អាតនោះទេ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀន នាំឲ្យខូចសុខភាពបង្កបញ្ហាដល់ក្រុមគ្រួសារ សង្គម ខុសច្បាប់ ខូចអនាគត និងអាចស្លាប់។
ឆ្លៀតក្នុងពេលនោះដែរ លោកយិន យឿន អនុប្រធានការិយាល័យប្រឆាំងគ្រឿងយៀន មានលើកឡើងថា គ្រឿងញៀន គឺអំបូរនៃជារុក្ខជាតិ ឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមី ដែលធ្វើឱ្យមានការផ្លាស់ប្តូរនូវមុខងារផ្សេងៗ របស់សារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឱ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា។
លោកបន្ថែមថា គ្រឿងញៀនមានពីរប្រភេទគឺ ទី១-គ្រឿងញៀនធម្មជាតិ អាភៀន (ផ្កា ផ្លែអាភៀន ជ័រអាភៀនខ្មៅ និងហេរ៉ូអ៊ីនគ្រាប់) កញ្ឆា (ដើម ស្លឹក ជ័រកញ្ឆា និងប្រេងកញ្ឆា) រុក្ខជាតិកូកា និងថ្នាំជក់ ចំណែកទី២-គ្រឿងញៀនសំយោគ កូកាអ៊ីនបាស (បានមកពីការបន្ថែមសារធាតុគីមី) អំហ្វេតាមីន និងពពួកមេតំហ្វេតាមីន អ៊ិចស្តាស៊ី កាវ បារី មានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ហើយធ្វើឱ្យអ្នកជក់ញៀនខ្លាំងដោយជាតិនីកូទីន និងគ្រឿងស្រវឹង (ទឹកត្នោតជូរ ស្រា ស្រាបៀរ)។ លោកបញ្ជាក់ជាចុងក្រោយថា ប្រភេទនៃគ្រឿងញៀនទាំងអស់នេះសុទ្ធតែធ្វើឱ្យមានការ ប៉ះពាល់ដល់សុខភាពរបស់មនុស្ស ជាខ្លាំងនៅពេលដែលពួកគេបានប្រើប្រាស់វា៕