(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី បាដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានជិត៤ពាន់នាក់។
ប្រជាពលរដ្ឋ មន្ត្រីរាជការមកទទួលការព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មានរយៈពេលចំនួន៣ថ្ងៃ សរុបចំនួន៣,៦១០នាក់ កម្មវិធីអ្នកតំណាងរាស្រ្ត «ដើម្បីសុខភាពប្រជាជន» ដែលដឹកនាំផ្ទាល់ដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហការណ៍ជាមួយសមាគមប្រឹក្សាសុខភាពប្រជាជន។
លោក ផល បុណ្ណបណ្ឌិត ក្រុមការងារ បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី១មានប្រជាពលរដ្ឋចំនួន១,២០០នាក់ ថ្ងៃទី២មានប្រជាពលរដ្ឋចំនួន១,៨១០នាក់ និងថ្ងៃចុងក្រោយមានប្រជាពលរដ្ឋចំនួន៦០០នាក់ ដោយចាប់គិតពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៣។
លោកងួន រាសី អភិបាលរងខេត្តកំពង់ធំ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋមានសេចក្តីសោមនស្សរីករាយ ដែលបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចុះមកពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលអញ្ជើញមកពី៩ក្រុង-ស្រុក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ប្រជាពលរដ្ឋមានអារម្មណ៍សប្បាយរីករាយដែលបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដោយផ្ទាល់ក្នុងខេត្តកំពង់ធំនាពេលនេះ និងបានថ្លែងអំណរគុណចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យសាធារណរដ្ឋកូរ៉េ និងក្រុមការងារកម្មវិធីអ្នកតំណាងរាស្រ្ត ដើម្បីសុខភាពប្រជាជន ព្រមទាំងក្រុមការងារសមាគមប្រឹក្សាសុខភាពប្រជាជននេះ គឺជាសកម្មភាពមនុស្សធម៌ ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ជំងឺភ្នែក ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនប្រជាពលរដ្ឋ៕