(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធខួបលើកទី ៧៧ឆ្នាំ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌា ជាមួយការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅកម្ពុជា និង មិត្តភក្តិឥណ្ឌានានានៅបរិវេណស្ថានទូតនៅពេលព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមនៅសណ្ឋាគារ Hyatt ភ្នំពេញ នាពេលល្ងាច។
ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា លោក អៀង មូលី លោក លី ធុច លោក ឈិត សុខុន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត អង្គទូតនៃបណ្តាស្ថានទូតនានា រួមនិងភ្ញៀវកិត្តិយសជាច្រេីនរូបទៀត។
ពិធីនេះបានចាប់ផ្តើមជាមួយនឹងការបង្ហូតទង់ជាតិ ដោយលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីភ្លេងជាតិរួច ឯកអគ្គរដ្ឋទូត Khobragade បានអានសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌា ដែលបានថ្លែងទៅកាន់ប្រជាជាតិនាឱកាសនោះ។
ពិធីទទួលបដិសណ្ឋារកិច្ចដ៏អធិកអធមត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ការបិទបញ្ចប់នៃកម្មវីធី ដែលមានឈ្មោះថា Azadi Ka Amrit Mahotsav (AKAM) ដែលបានចាប់ផ្តើមក្នុងរយៈ ៧៥សប្តាហ៍មុនខួបលើកទី៧៥នៃទិវាឯករាជ្យរបស់ប្រទេសឥណ្ឌា និងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ ដើម្បីអបអរសាទរ និងរំលឹកខួប ៧៥ឆ្នាំនៃការរីកចម្រើនរបស់ប្រទេសឥណ្ឌា និងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រជាជនខ្លួន វប្បធម៌ និងសមិទ្ធិផលនានាដែលឥណ្ឌាធ្វើបាន។ ក្នុងអំឡុងពេល ៧៥សប្តាហ៍ ស្ថានទូតបានរៀបចំព្រឹត្តិការណ៍នានារួមមានក្នុងវិស័យវប្បធម៌ នយោបាយ សុខភាពជាដើម ដើម្បីគោរព និងចងចាំពីការតស៊ូសេរីភាព គំនិត ការដោះស្រាយ សកម្មភាព សមិទ្ធិផលនានារបស់ប្រទេសឥណ្ឌា។
លេីកឡេីងនាឱកាសនោះលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរប្រជាជនឥណ្ឌាក្នុងថ្ងៃទិវាឯករាជ្យជាតិលើកទី៧៧ និងលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងកម្ពុជា។
លោកស្រីបណ្ឌិត Devyani Khobragade ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាជនឥណ្ឌា ដែលនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសខួបលើកទី ៧៧ នៃទិវាឯករាជ្យជាតិ និងបានលើកឡើងពីដំណើររបស់ឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៤៧មក។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីសមិទ្ធិផលនានាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដែលបានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់រវាងឥណ្ឌា និងកម្ពុជា ជាមួយនឹងការប្រារព្ធខួបលើកទី ៧០នៃការបង្កើតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែបន្តជាចំណុចកណ្តាលនៃអាទិភាពរបស់យើង។ ការផ្លាស់ប្តូរធុរកិច្ចមួយចំនួននៅក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេចដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ សន្ធិសញ្ញាវិនិយោគទ្វេភាគីជិតនឹងត្រូវបានបញ្ចប់ហើយ ហើយនឹងដើរតួជាកាតាលីករសម្រាប់ការវិនិយោគរបស់ឥណ្ឌាកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
លោកស្រី ក៏បានបង្ហាញនូវការពេញចិត្តជាមួយនឹងវឌ្ឍនភាពក្នុងការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ ដែលនឹងជំរុញពាណិជ្ជកម្ម និងនាំប្រជាជនឥណ្ឌាកាន់តែច្រើនឡើងក្នុងនាមជាអ្នកទេសចរមកកាន់ទឹកដីនៃសម្រស់ធម្មជាតិដ៏អស្ចារ្យ និងបេតិកភណ្ឌអរិយធម៌រួម ហើយថែមទាំងនាំប្រជាជនកម្ពុជាទៅកាន់ទឹកដីនៃព្រះពុទ្ធផងដែរ។ចំណែកវិស័យទេសចរណ៍ក៏នឹងត្រូវបានជួយផងដែរជាមួយនឹងការភ្ជាប់ចំណុចប្រទាក់ការទូទាត់រួម (UPI) របស់ប្រទេសឥណ្ឌាជាមួយនឹងប្រព័ន្ធកម្ពុជា ដែលភាគីយើងទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នា៕