(ហ្វាំងឡង់)៖ ក្រុមហ៊ុនទូរគមនាគមន៍ ធំលំដាប់ពិភពលោក Nokia បានប្រកាសឲ្យដឹងថា ប្រាក់ចំណេញ នៅត្រីមាសទី២ ឆ្នាំនេះបានធ្លាក់ចុះ ៤៩ភាគរយ ដោយសារការចំណាយលុយ យ៉ាងសន្ធឹកដើម្បីទិញក្រុមហ៊ុន Alcatel-Lucent។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា។
ក្រុមហ៊ុន Nokia បានឲ្យដឹងថា នៅត្រីមាសទី២ឆ្នាំនេះ ទទួលបានប្រាក់ចំណេញត្រឹមតែ ៣៧០លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយទាបជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា នៅដើមឆ្នាំ២០១៨ ប្រាក់ចំណេញនឹងកើនឡើងនេះទ្វេដង។
ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនហ្វាំងឡង់មួយនេះ បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ១៥,០០០នាក់នៅជុំវិញពិភពលោក។
កាលពីពាក់កណ្ដាលខែមេសាកន្លងទៅនេះ Nokia បានចំណាយ ១៥ ,៦ពាន់លានអឺរ៉ុប ប្រហែល ១៧ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុន Alcatel-Lucent ដើម្បីប្រកួតប្រជែងទីផ្សារផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ជាមួយក្រុមហ៊ុន Ericsson របស់ស៊ុយអែត និងក្រុមហ៊ុន Huawei របស់ចិន៕