(កណ្ដាល)៖ បុរសម្នាក់ជាពេទ្យសត្វ បានយកម៉ូតូម្ដាយរបស់ខ្លួនទៅបញ្ចាំ ដើម្បីយកលុយទៅដោះបំណុល ហើយប្រឌិតរឿងកុហកប្ដឹងនគរបាលថាខ្លួនត្រូវបានចោរវាយនឹងកាំភ្លើងប្លន់យកម៉ូតូបាត់ហើយ តែការពិត គឺបុរសម្នាក់នេះបានយកដុំថ្មវាយក្បាលខ្លួនឯងបែកឈាមដើម្បីកុហកម្ដាយ និងប្រពន្ធថាត្រូវចោរប្លន់វាយបែកក្បាល។ ម្ដាយបង្កើតបានដាក់ពាក្យបណ្ដឹងទៅនគរបាលឱ្យចាប់ខ្លួនកូនអនុវត្តន៍តាមច្បាប់។
ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទីទាបភ្លឺចំណុច តាមបណ្តាយផ្លូវកៅស៊ូ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ក្រុងអរិយក្សត្រ។
ជនសង្ស័យឈ្មោះឈ្មោះ រស់ វឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរពេទ្យសត្វ ស្នាក់នៅបច្ចុប្បន្ន ក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ម្ដាយឈ្មោះ អុំ សុខនៅ។
ប្រភពបានឱ្យដឹងថា ក្រោមការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវតាមមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ឃើញថា បុគ្គលខាងលើបានដើរតាមផ្លូវ ហើយរើសដុំថ្មមកវាយក្បាលខ្លួនឯងបែកឈាម គ្មានករណីចោរប្លន់នោះទេ។
ប្រភពដដែលរៀបរាប់ដំណើររឿងថា កាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧:៣០នាទី ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ថាមានករណី អំពេីលួចមានស្ថានទម្ងន់ទោស (ភ្ជង់កាំភ្លេីងខ្លី វាយក្បាលហ្នឹងដុំថ្ម) យកម៉ូតូរបស់ខ្លួនម៉ាក់ Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1JM-8242 នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៣:៣០នាទីទាបភ្លឺ ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០B ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅពេលខ្លួនធ្វេីដំណេីរត្រឡប់មកពីខាងរាជធានីភ្នំពេញវិញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្ រធ្វេីការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវបានបង្ហាញឱ្យឃេីញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ បែរជាឃេីញជនសង្ស័យដេីរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកេីតហេតុ ទេីបសមត្ថកិច្ចបានហៅជនសង្ស័យមកសារសួរជាលេីកទីពីរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ អ៊ុំ សុខនៅ ម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1JM-8242 ទៅធ្វេីការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ សីហា នៅម្តុំវត្តបទុម រាជធានីភ្នំពេញ។
និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដេីម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ បានប្រាក់ចំនួន១,៥០០ដុល្លា ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយៈ ABA ហេីយខ្លួនក៏បានផ្ទេរប្រាក់នោះ ចំនួន ១,៤៩០ដុល្លាតាម ABA សងបន្តទៅអោយឈ្មោះ Y VANNAK បន្តិចក្រោយមកក៏បានហៅ ផាសអាប់ ជិះទៅហាងលក់តែគុជរបស់មិត្តភ័ក្ត នៅម្តុំវត្តបទុម អង្គុយលេងដល់វេលាម៉ោង ៣:០០នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យបានពឹងឱ្យអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រ ហេីយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡេីងជិះផាសអាប់ដើម្បីទៅផ្ទះ។
ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដេីរចុចទូរស័ព្ទសំដៅទៅផ្ទះ ពេលដេីរដល់ផ្លូវចូលបុរីទួលសង្កែ ជនសង្ស័យក៏រេីសយកដុំថ្មទំហំប៉ុនបាតដៃមកវាយក្បាលខ្លួនឯងពីក្រោយចំនួនពីរដង បណ្តាលឱ្យបែកក្បាលឈាម ដេីម្បីប្រឌិតរឿងកុហកម្តាយ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន ផ្ញេីតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូបាត់ហេីយ រួចជនសង្ស័យក៏បន្តដំណេីរដេីរទៅដល់ផ្ទះហេីយបានស្រែកហៅម្តាយឱ្យបើកទ្វារ ពេលម្តាយចេញបេីកទ្វារឃេីញសភាពកូនមានឈាមក្បាលក៏សួរ ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថាចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដេីម្បីព្យាបាលរបួស។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី៕