(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានៈគណកម្មាធិការមូលនិធិបរិស្ថាន និងសង្គម បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ «គោលនយោបាយ និងចក្ខុវិស័យ៥ ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥»។
កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក-សមាជិការនៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមមកពីស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម។
សេចក្តីព្រាងចុងក្រោយ «គោលនយោបាយ និងចក្ខុវិស័យ៥ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥» រួមមាន៖
១៖ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រងមូលនិធិ និងគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម
២៖ នីតិវិធីហិរញ្ញវត្ថុសម្រាប់មូលនិធិបរិស្ថាន និងសង្គម
៣៖ នីតិវិធីលទ្ធកម្មសម្រាប់មូលនិធិបរិស្ថាន និងសង្គម
៤៖ នីតិវិធីប្រតិបត្តិក្នុងការប្រមូលចំណូលមូលនិធិបរិស្ថាន និងសង្គម
៥៖ នីតិវីធីប្រតិបត្តិសម្រាប់ការតាមដាន និងវាយតម្លៃគម្រោងដែលប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់របស់មូលនិធិបរិស្ថាន និងសង្គម ជាថវិកាបំពេញបន្ថែមឱ្យថវិកាជាតិ ដើម្បីរួមចំណែកស្តារធនធានបរិស្ថាន អភិរក្សជីវៈចម្រុះ កសាងប្រព័ន្ធរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធិភាពការងារ កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន និងរៀបចំផែនការប្រើប្រាស់ទឹកដីប្រកបដោយចីរភាព ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនខ្មែរគ្រប់រូ៕