(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា លទិ្ធប្រជាធិបតេយ្យ និងការបោះឆ្នោត គឺជាដំណើរការមួយក្នុងការចូលរួមថែរក្សា ការពារប្រជាជាតិ និងប្រជាជនឱ្យរស់រានក្នុងភាពថ្លៃថ្នូរ សម្បូរសប្បាយ ស្របតាមឆន្ទៈរបស់អ្នកបោះឆ្នោត មិនមែនជាដំណើរការធ្វើឱ្យសង្គមជាតិមានភាពវឹកវរ អស្ថិរភាព ដោយសារតែមានទស្សនៈនយោបាយខុសគ្នានោះឡើយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រយៈពេល ២ថ្ងៃ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅខេត្តបាត់ដំបបង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមសម្តេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌នានា សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ហើយដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
ស្របទៅនឹងការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង, លោក ប្រាជ្ញ ចន្ទ បានកត់សម្គាល់ឃើញថា ការបោះឆ្នោតសកល ឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌ សម្រាប់ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន។ កត្តាទាំងនេះហើយ គឺជាសូចនាករ បង្ហាញពីភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់ដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណែកដ៏ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជា ការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដីគ្រប់កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច។
ទោះបីជាការបោះឆ្នោតកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងណាក៏ដោយ គ.ជ.ប យល់ឃើញថា ការបូកសរុប និងវាយតម្លៃលើលទ្ធផលការងារកន្លងមក គឺជារឿងចាំបាច់ ដើម្បីឱ្យការងារបោះឆ្នោតនៅពេលខាងមុខកាន់តែល្អប្រសើរ។
លោក ប្រាជ្ញ ចន្ទ បានបន្ថែមថា ផ្អែកតាមរបាយការណ៍បូកសរុបសន្និបាត ដែលរាយការណ៍ដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឃើញថា អង្គសន្និបាតបានប្រមូលផ្តុំ និងពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន ៥រួមមាន៖
- ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
- ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត
- ការឃោសនាបោះឆ្នោត និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការឃោសនាបោះឆ្នោត
- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
- ការបណ្ដុះបណ្ដាល និងការអប់រំអ្នកបោះឆ្នោត។
បន្ទាប់ពីបានពិភាក្សា ក្រុមនីមួយៗបានរកឃើញនូវចំណុចខ្លាំងជាច្រើនដែលត្រូវបន្តអនុវត្តជាបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងគុណសម្បត្តិនេះ អង្គសន្និបាតក៏បានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវយកមកពិចារណា និងត្រូវរកដំណោះស្រាយសមស្រប សំដៅធានាឱ្យការបោះឆ្នោតនាពេលខាងមុខកាន់តែមានភាពល្អប្រសើរឡើង។
គួរកត់សម្គាល់ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ បណ្តាគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតភាគច្រើនបានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រដល់ការបោះឆ្នោត។ បន្ថែមពីលើនេះ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការបោះឆ្នោត ជាពិសេសអំពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយបានលើកឡើងជាអាទិ៍ថា ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយសុវត្ថិភាព ឯករាជ្យ មិនលំអៀង មានវិជ្ជាជីវៈ និងតម្លាភាព៕