(កំពង់ឆ្នាំង)៖ លោកយាយ២នាក់ ដែលមានវ័យចាស់ជរា និងគ្មានកូនចៅសម្រាប់ជាទីពឹង រស់នៅក្នុងជីវភាពខ្វះខាតដោយពឹងអាស្រ័យទៅលើអ្នកជិតខាង និងមានជំងឺប្រចាំកាយទៀតផងនោះ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។

លោកយាយទាំង២នាក់ ម្នាក់មានឈ្មោះ ប៉ែន ឡុន អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ លោកយាយមិនមានប្ដី និងកូនចៅនោះទេ។ លោកយាយរស់ស្នាក់អាស្រ័យនៅជាមួយកូនក្មួយ ក្នុងភូមិឃុំខាងលើ។

បច្ចុប្បន្នលោកយាយមានជំងឺលើសឈាមវង្វេងវង្វាន់ ហើយត្រូវបានកូនក្មួយនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ តែបន្ទាប់ពីមានការយកចិត្តទុកដាក់ព្យាបាល និងមើលថែទាំពីក្រុមគ្រូពេទ្យ អាការៈជំងឺរបស់ លោកយាយ បច្ចុប្បន្នបានធូរស្បើយខ្លះហើយ។ នេះបើតាមការបញ្ជាក់ពីក្មួយស្រី ដែលនៅចាំថែលោកយាយនៅក្នុងមន្ទីរពេទ្យ បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ។

រីឯលោកយាយម្នាក់ទៀតមានឈ្មោះ គឹម ហូយ អាយុ៦៧ឆ្នាំ។ លោកយាយក៏គ្មានកូនចៅ និងប្តីសីនោះដែរ គឺលោកយាយរស់ក្នុងជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយផងដែរ។ បច្ចុប្បន្នលោកយាយក៏រស់នៅតែម្នាក់ឯង គឺនៅចាំដីផ្ទះឱ្យគេ ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្ទាប់ពីមានការស្នើសុំជាកញ្ចប់អំណោយពីបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីយកទៅផ្ដល់ជូន លោកយាយទាំង២នាក់ខាងលើនេះ រូបលោកផ្ទាល់ និងក្រុមការងារ នៃមន្ទីរសង្គមកិច្ច ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនលោកយាយទាំង២នាក់ ដោយម្នាក់លោកបាននាំយក ទៅផ្ដល់ជូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងលោកយាយម្នាក់ទៀត ក្រុមការងាររបស់លោកក៏បានយកទៅផ្ដល់ជូនដល់ទីកន្លែងរស់នៅរបស់លោកយាយដោយផ្ទាល់ គឺក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ផងដែរ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ផងដែរថា លោកនឹងត្រៀមសហការជានិច្ចនូវរាល់ករណីដែលមានប្រជាពលរដ្ឋជួបផ្កាលំបាកដោយមានជីវភាពខ្វះខាត ពិសេសគឺជនចាស់ជរាគ្មានទីពឹង និងជនមានពិការភាពដែលរស់នៅក្នុងជីវភាពខ្វះខាត ឬអតីតយុទ្ធជន ដែលជួបការលំបាកផ្នែកស្បៀងអាហារផ្សេងៗ ជាក់ស្ដែងដូចករណីលោកយាយទាំង២នាក់ខាងលើនេះ លោកអាចជួយទៅតាមលទ្ធភាព៕