(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារ និងប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ក្រសួងផែនការ និងមន្ទីរផែនការរាជធានី-ខេត្ត។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រសួង ចំនួនប្រមាណ៥០០នាក់។
លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងថា ថ្នាក់ដឹកនាំបុគ្គលិក មន្ត្រីរាជការរបស់ក្រសួងផែនការទាំងអស់ ពិតជាស័ក្តសមនឹងទទួលបាននូវតម្លៃមួយ តបស្នងដល់រាល់ការខិតខំប្រឹងប្រែង ដែលយើងមិនត្រឹមតែអបអរសាទរចំពោះសមិទ្ធផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាភាពជោគជ័យរួមគ្នា នៃក្រុមការងារ អង្គភាពនិងក្រសួងផែនការទាំងមូល។ រាល់មេដាយ រាល់ការសរសើរវាតំណាងឱ្យការខិតខំប្រឹងប្រែងដោយមិនគិតនឿយហត់ ការតស៊ូ ចំណាយពេលវេលា និងការគិតប្រកបដោយភាពច្នៃប្រឌិតដែលបានធ្វើឱ្យស្ថាប័នរីកចម្រើនមកដល់សព្វថ្ងៃនេះ។
លោករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រសួងផែនការទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសមិទ្ធផលជូនក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
កិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ការបំពាក់ជូននូវគ្រឿងឥស្សរិយយសនាពេលនេះ គឺជាការចារឹកទុកនូវ គុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំ បង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួមលើកស្ទួយវិស័យ ផែនការស្ថិតិ ប្រជាជន និងអភិវឌ្ឍន៍ ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនជាប្រចាំតទៅទៀត។
កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយកំពុងបន្តពង្រឹងនិងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសទៅទៀត រាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តវេននាំនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។
ក្នុងន័យនេះ លោកក៏សូមស្នើដល់អង្គពិធីទាំងមូលគាំទ្រនូវ “កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨” ដើម្បីធានាការការពារសន្តិភាព និងនិរន្តភាពជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងការគាំទ្រនូវអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ឱ្យយុវជនបន្តវេន ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅមុខបន្តទៀត និងសូមអំពាវនាវដល់លោក លោកស្រីទាំងអស់ ត្រូវបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសបន្តគាំទ្រឥតងាករេ ជុំវិញការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទេសន៍ដ៏ឆ្នើមមួយរូបរបស់ជាតិគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសការងារ មានចំនួន ៤៣៥រូប ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ ក៏ទទួលបានលិខិតសរសើរលើការងារដឹកនាំ រៀបចំការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់ និងកម្មវិធីបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ៕