(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលត្រូវបានបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ធនធានមនុស្សក្នុងសង្គមជាតិ។

លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានលើកឡើងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណរបស់រដ្ឋ ដែលមានការឧបត្ថម្ភពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការបណ្តុះបណ្តាលថ្នាក់៣កម្រិត គឺថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញចំនួន៧ រួមមាន ជំនាញវិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជាព្រះពុទ្ធសាសនា នីតិសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងជំនាញភាសាអង់គ្លេស។

បន្ថែមពីនេះទៀត លោក ងួន ស្តេចភក្តី បានបន្ដថា «The Kroeng Coder» អ្នកសរសេរកូដជនជាតិគ្រឹង ជាភាពយន្តឯកសារដំបូង នៃប្រវត្តិរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ហើយក៏ជាភាពយន្តឯកសារដំបូង ដែលទទួលបានពានរង្វាន់ពី គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃចក្រភពអង់គ្លេសផងដែរ។ ភាពយន្តឯកសារនេះ បង្កើតឡើងដើម្បីលើកកម្ពស់ និស្សិតជនជាតិដើមភាគតិច និងការសិក្សាលើបច្ចេកវិទ្យានៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យមួយនេះ បានផ្តល់ឱកាសសិក្សាដល់សមណនិស្សិត-និស្សិត ជាច្រើនរយនាក់ ជាពិសេសសិស្សក្រីក្រ ដែលគ្មានលទ្ធផលចូលរៀនសាកលវិទ្យាល័យ តាមរយៈការផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពេញ ថ្នាក់អនុបណ្ឌិតចំនួន៥០% និងថ្នាក់បណ្ឌិត៣០%។

ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះទៅ ទីតាំងសាកលវិទ្យាល័យ ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្សី ក្បែរផ្សាទំនើបអ៉ីអន១។ លេខទំនាក់ទំនង 016 43 43 25/086 402 402 /010 67 57 88/095 43 9999៕