(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតបុគ្គលិកក្រុមហ៊ុន លីហុងឆយ ត្រេឌីង ចំនួន ០២នាក់ ក្នុង០២បទល្មើសផ្សេងគ្នា ពាក់ព័ន្ធនឹងការកេងប្រវញ្ចលុយក្រុមហ៊ុន ដោយអតីតបុគ្គលិកទីមួយ ឈ្មោះ ជិន សាវ៉ន ត្រូវបានចោទប្រកាន់ពី បទឆបោក និងអតីតបុគ្គលិកទីពីរឈ្មោះ ទា ស្រីលីន ត្រូវបានចោទប្រកាន់ពី បទរំលោភលើទំនុកចិត្ត។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣១៩៩ អ.យ.ធ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដោយបានសម្រេចចោទប្រកាន់ ឈ្មោះ ជិន សាវ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ មានអាសយដ្ឋាន ភូមិក្រាំងឈើនៀង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទ ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
តាមបណ្តឹងរបស់ក្រុមហ៊ុន លីហុងឆយ ត្រេឌីង ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ជិន សាវ៉ន អតីតបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន លីហុងឆយ ត្រេឌីង បានបង្កើត និងប្រើប្រាស់ឈ្មោះអតិថិជនក្លែង ក៏ដូចជាប្រើប្រាស់ឈ្មោះអតិថិជនរបស់ក្រុមហ៊ុន មកបោកបញ្ជោតក្រុមហ៊ុនឲ្យបញ្ចេញទំនិញឲ្យខ្លួន ដើម្បីយកទៅប្រើប្រាស់ និងលក់ក្នុងទីផ្សារ យកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
មួយវិញទៀត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣២១៨ អ.យ.ទ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដោយបានសម្រេចចោទប្រកាន់ឈ្មោះ ទា ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ផងដែរថា ការចោទប្រកាន់លើឈ្មោះ ទា ស្រីលីន ពីបទ រំលោភលើទំនុកចិត្ត គឺបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹង ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន លីហុងឆយ ត្រេឌីង ប្តឹងឈ្មោះ ទា ស្រីលីន អតីតប្រធានក្រុមរដ្ឋបាលលក់ ផ្នែកទីផ្សារ ដែលបានកិបកេងប្រាក់ភាគរយលើកទឹកចិត្តអតិថិជន ប្រព្រឹត្តក្នុងអំឡុងខែមករា ឆ្នាំ២០២២ តាមរយៈការស្នើសុំបើកប្រាក់ភាគរយលើកទឹកចិត្តរបស់អតិថិជន ហើយមិនបានយកប្រាក់ភាគរយលើកទឹកចិត្តរបស់ក្រុមហ៊ុន ទៅប្រគល់ជូនអតិថិជន និងបានគេចវេសមិនចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនឡើយ ទោះបីជាក្រុមហ៊ុនបានជូនដំណឹងជាច្រើនលើកច្រើនសារក៏ដោយក្តី។
ទង្វើទុច្ចរិតរបស់ឈ្មោះ ជិន សាវ៉ន និងឈ្មោះ ទា ស្រីលីន បានធ្វើឲ្យក្រុមហ៊ុន ខាតបង់នូវផលប្រយោជន៍យ៉ាងច្រើន និងជាគម្រូអាក្រក់ដល់បុគ្គលិកដទៃទៀតក្រុមហ៊ុន៕