(ភ្នំពេញ)៖ ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឆ្នាំ២០១៤។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ, លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណងរៀបចំសិក្ខាសាលានេះ មានចំនួន ២រួមមានទី១៖ បង្ហាញលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិស៊េរីឆ្នាំ២០០០ ទៅឆ្នាំ២០១៤ និងទី២៖ ទទួលយកធាតុចូលពីបណ្តាក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សម្រាប់កែតម្រូវលើលទ្ធផល ស៊េរីទិន្នន័យស្ថិតិគណនេយ្យជាតិបន្ថែមទៀត ដើម្បីឱ្យស៊េរីទិន្នន័យកាន់តែមានគុណភាពប្រសើរឡើង។

បើតាមលោក រិន វីរៈ បានឱ្យដឹងថា ស្ថិតិគណនេយ្យជាតិជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដែលមានវិសាលភាពគ្រប់គ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ ការវាស់វែងសេដ្ឋកិច្ចជាតិមួយ (វាស់វង GDP) តាមវិធីសាស្ត្រដែលមានចែងក្នុងសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថិតិគណនេយ្យជាតិ (UN-System of National Accounts-SNA) មានបីវិធីសាស្ត្រ គឺ៖ វិធីសាស្ត្រផលិតកម្ម (Production Approach), វិធីសាស្ត្រចំណូល (Income Approach), និង វិធីសាស្ត្រចំណាយ (Expenditure Approach)។ វិធីសាស្ត្រទាំងបីនេះមានទំនាក់ទំនងគ្នា និងសង្គតិភាពទៅវិញទៅមកក្នុងសេដ្ឋកិច្ចជាតិ មានន័យថា GDP ដែលគណនាតាមវិធីសាស្ត្រទាំងបីនេះស្មើគ្នា បណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ អាចជ្រើសរើសយកវិធីសាស្ត្រពីរ ក្នុងចំណោមវិធីសាស្ត្របីខាងលើមកប្រើប្រាស់។

រដ្ឋលេខាធិការប្រចាំការរូបនេះ បានបន្តថា នៅកម្ពុជា ដោយទិន្នន័យប្រាក់ចំណូល (Incomes) មានការលំបាកក្នុងការប្រមូលតាមរយៈការអង្កេត ជំរឿន និងពន្ធដា វិធីសាស្រ្តគណនា GDP តាមវិធីសាស្ត្រចំណូល មិនត្រូវបានយកមកគិតទេដោយវិទ្យាស្ថានជាតិស្ថិតិ គណនា GDP តាមវិធីសាស្ត្រពីរប៉ុណ្ណោះ គឺវិធីសាស្ត្រផលិតកម្ម (Production Approach) និង វិធីសាស្ត្រចំណាយ (Expenditure Approach)។ បច្ចុប្បន្ននេះ, ការគណនា GDP របស់វិទ្យាស្ថានជាតិស្ថិតិ តាមវិធីសាស្ត្រទាំងពីរខាងលើ មានឆ្នាំគោល ឆ្នាំ២០០០ មកទល់បច្ចុប្បន្នមានរយៈពេល ២២ ឆ្នាំគត់ ដែលតាមអនុសាសន៍របស់សេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរឆ្នាំគោលរៀងរាល់ ៥ឆ្នាំម្ដង ឬយ៉ាងយូរបំផុត ១០ឆ្នាំម្ដង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចឱ្យមានសង្គតិភាព ការផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរងចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កតទិន្នន័យរដ្ឋបាល...)។

លោក រិន វីរៈ បានបញ្ជាក់ថា ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ២០១៤ គឺត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិ ស្ថិតិមានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១, ជំរឿនកសិកម្មឆ្នាំ២០១៣, អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤, អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់ ធនាគារជាតិនៃកម្ពុជា ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករ) និងទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀតក្នុងរាជរដ្ឋភិបាលកម្ពុជាគ្រប់គ្រាន់៕