(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីសម្ពោធបើក ការដ្ឋានស្ថាបនាស្ពានបេតុង សាក់សំពៅ ប្រវែង១១០ម៉ែត្រ ទទឹង៩ម៉ែត្រ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងថា ស្ពានបេតុងសាក់សំពៅ ជាស្ពានមួយ ឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលទីតាំងនេះពីមុនជាស្ពានថ្មចាស់ មានទទឹង៤ម៉ែត្រ បានសាងសង់ក្នុងឆ្នាំ១៩៨០ ដែលអាចចរាចរបាន ប្រភេទរថយន្តធុនតូច ហើយពេលសាងសងរួចស្ពាននេះ បម្រើប្រយោជន៍សាធារណៈជាច្រើន ។
លោក នុត ពុធដារា អភិបាលខណ្ឌដង្កោ បានបញ្ជាក់ថា ការដ្ឋានស្ពាននេះនឹងសាងសង់បញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការដឹកកសិផល ទៅកាន់ទីផ្សារនានានៅកណ្តាលក្រុង ៕