(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល បានថ្លែងរអ៊ូមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា រាល់ថ្ងៃពួកគាត់លំបាកប្រើប្រាស់ទឹកស្អាត របស់ក្រុមហ៊ុនឯកជនទឹកស្អាតស្រុកមុខកំពូល ដោយពេលខ្លះមានទឹក ខ្លះអត់ទឹក ហើយទឹកមានសភាពល្អក់កករថែមទៀត និងមានក្លិនឈួល។

ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានថ្លែងទៀតថា ជាងមួយសប្ដាហ៍មកហើយដែលមន្ត្រីជំនាញក្រសួង និងមន្ត្រីស្រុកចុះមកពិនិត្យ ប៉ុន្តែលទ្ធផលនៅដដែល ពោលគឺទឹកប្រើមិនគ្រប់ និងល្អក់កករដដែល។

ជុំវិញរឿងនេះតំណាងក្រុមហ៊ុនទឹកស្អាត បានថ្លែងថា ករណីដាច់ទឹក ទឹកល្អក់នេះ ពិតជាមានពិតមែន ហើយសុំការយោគយល់ពីពលរដ្ឋ ដោយសារការស្ថាបនាផ្លូវ ស្ថាបនាលូ ទើបបណ្ដាលឲ្យប៉ះទុយោ ដែលកិច្ចការនេះចាំបាច់ ក្រុមហ៊ុនត្រូវបិទទឹកមួយរយៈសិនដើម្បីជួសជុល ដោយឡែកអំឡុងពេលជួសជុលកករដីបានហូរចូលទុយោទើបបណ្ដាលឲ្យទឹកកើតល្អក់យ៉ាងដូច្នេះ។ ដោយឡែកសំរាប់ក្លិនទឹកវិញបានដាក់ថ្នាំស្របតាមស្តង់ដា ទៅតាមភាព ជាក់ស្ដែង និងគីឡូដើរលឿនវិញនោះ មានករណីធ្លាយទុយោទឹក ទើបវាដើរដោយមិនបានប្រើបែបនេះ។

ទោះយ៉ាងណាលោកយី យ៉េន អភិបាលស្រុកមុខកំពូល បានថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ថា លោកបានចាត់ឲ្យអភិបាលរងស្រុករបស់លោកចុះពិនិត្យ និងដោះស្រាយបញ្ហានេះ៕