(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានប្រាប់ឲ្យអាជីវករ សេវាករ ផ្សាយពាណិជ្ជកម្មលើកស្លាកយីហោ, LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទទាំងអស់ ត្រូវមកធ្វើច្បាប់ជាថ្មីនៅច្រកចេញ-ចូល តែមួយសាលាខេត្ត ដែលឱសានវាទយ៉ាងយូរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេ ។

ក្នុងករណីម្ចាស់ទីតាំងដែលមានលើកស្លាកយីហោមិនព្រមអនុវត្តន៍តាមទេ រដ្ឋបាលខេត្តនឹងចុះទៅរុះរើស្លាកយីហោទាំងនោះចោលតែម្ដង។

លោក ប៊ុន ផេង បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការផ្ដល់សេវាសាធារណៈលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមអាហ្វីស ប៉ាណូ LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមទីសាធារណៈ និងអគារពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។

លោក ប៊ុន ផេង បានថ្លែងថា «កន្លងមកមានក្រុមហ៊ុនឯកជនមួយជាអ្នកប្រមូលថវិកា តែដោយមានការបង្គាប់ជាថ្មីពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរព័ត៌មាន ធ្វើការលើរឿងនេះវិញ ដូច្នេះសំណូមពរដល់ម្ចាស់អាជីវកម្មមេត្តាជ្រាប និងអញ្ជើញមកធ្វើច្បាប់ជាថ្មីនៅច្រកចេញ-ចូល តែមួយសាលាខេត្តកណ្ដាល ដើម្បីភាពច្បាស់លាស់ក្នុងការប្រមូលពន្ធបង់ចូលរដ្ឋជាថ្មី និងសំណូមពររាល់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម តម្រូវបញ្ជូលសារខអប់រំខ្លីៗខាងក្រោមផងដែរ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់ចំណេះដឹងដល់ពលរដ្ឋផងដែរ»