(ភ្នំពេញ)៖ ថ្ងៃទី១៥ សីហា ២០២៣ ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី បន្តបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយរៀបចំការបរិច្ចាគឈាមជាលើកទី២ ក្នុងគោលបំណងជួយសង្គ្រោះជីវិត និងលើកកម្ពស់ចូលរួមសកម្មភាពមនុស្សធម៌ដល់សង្គម។ ដោយទទួលស្គាល់ថា តម្រូវការឈាមក្នុងការសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺមានកំណើនជារៀងរាល់ឆ្នាំ ដែលនេះ ជាគោលបំណងនៃក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី បានធ្វើការផ្ដួចផ្ដើមនិងជម្រុញការសកម្មភាពសប្បុរសធម៌ដ៏សំខាន់មួយនេះនៅក្នុងសង្គម។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ ២០២២កន្លងមក មានតម្រូការឈាមមួយកំប្លោកដើម្បីសង្រ្គោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្ដង។ ដោយតម្រូវការប្រចាំថ្ងៃ សរុបមានជាង ២៥០ប្លោក នៅរាជធានីភ្នំពេញ និងតម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លើកឡើងថា យុទ្ធនាការ បរិច្ចាគឈាម ដើម្បីជីវិត គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ក្នុងការបង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគដោយស្ម័គ្រចិត្ត និងជម្រុញកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គង់ផ្គង់ឈាមគ្រប់គ្រាន់នៅគ្រប់មន្ទីរពេទ្យដោយគ្មានការរើសអើង និងមិនប្រកាន់ពូជសាសន៍ ឬសាសនា និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី ក្នុងការបង្កើតវប្បធម៌ចែករំលែកដោយគ្មានការរើសអើងនៅក្នុងសង្គម។ ជាក់ស្ដែងកម្មវិធីបរិច្ចាគឈាមនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិក រួមទាំងស្ថាប័នខាងក្រៅយ៉ាងសកម្ម។ ដោយឈរលើគំនិតផ្តួចផ្តើមទាំងនេះ ក្រុមហ៊ុនបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេ និងជាគម្រូក្នុងសង្គម ក្នុងការជម្រុញនិងលើកកម្ពស់កិច្ចការងារសប្បុរសធម៌ ក្នុងការបង្កើត ទម្លាប់ និងវប្បធម៌បរិច្ចាគដោយស្ម័គ្រចិត្តទៅដល់បុគ្គល និងសហគមន៍ទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឧត្តមភាព និងកិត្យានុភាព។ ក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍន៍លំនៅដ្ឋាន លំនៅឋាន លំហែរកាយ ពាណិជ្ជកម្ម និងឧស្សាហកម្ម កម្រិតមធ្យមដល់កម្រិតខ្ពស់ នៃការអភិវឌ្ឍប្រកបដោយស្ដង់ដារ គុណភាព និងភាពច្នៃប្រឌិត។ ផលប័ត្ររបស់ក្រុមហ៊ុនរួមមានការអភិវឌ្ឍន៍ចម្រុះដែលហៅថា Vattanac Capital, Vattanac Industrial Parks, Vattanac Brewery និង Vattanac Golf Resort ៕