(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានារបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់លោក លោកស្រី លោកឧកញ៉ា លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរផងដែរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តេីមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវការកោតសរសេីរដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក សប្បុរសជនដែលចូលរួមចំណែកធនធាន ជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់គ្រប់អង្គភាពកងរាជអាវុធហត្ថ នូវកត្តាសំខាន់ៗដែលអាវុធហត្ថ ត្រូវយកចិត្តទុកដាក់មាន៤ រួមមាន៖

*ទី១៖ ធនធានមនុស្ស អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព ដេីម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទៈមនសិកា
*ទី២៖ គ្រឿងបំពាក់ សម្រាប់អង្គភាព
*ទី៣៖ ជម្រំ ជម្រក ដេីម្បីរស់នៅ រៀនសូត្រ និងកន្លែងធ្វេីការសមរម្យ
*ទី៤៖ ការចិញ្ចឹម ថែរក្សា សុខមាភាពអាវុធហត្ថក្រោមឱវាទ និងបន្តយកចិត្តទុក្ខដាក់លេីជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។ មួយវិញទៀត ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថ ដែលអនុវត្ត តាមឋានានុក្រម វិន័យ នៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។

សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឲ្យប្រេីប្រាស់ជាផ្លូវការនៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមមាន អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ម៉ែត្រ) មានកម្ពស់៣ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រ គុណទទឹង ២២.៣០ម៉ែត្រ មានបន្ទប់ធ្វើការចំនួន៦បន្ទប់ បន្ទប់ទឹក៦បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន១បន្ទប់ និងឃ្លាំងសម្ភារៈ ១បន្ទប់។ អគារប្រចាំការមានបណ្តោយ ៤.៨ម៉ែត្រ ទទឹង១២.៣ ម៉ែត្រ និងសមិទ្ធផលនានា សរុបថវិកាចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន ៥៧៤,៩១៤ដុល្លារ។

នាឱកាសនោះ នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំណាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណៈ ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕