(ក្រចេះ)៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសកាន់មុខតំណែងលោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ ជំនួសលោកបណ្ឌិត កៅ ម៉ាឌីឡែន ដែលត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃមន្ទីរពិសោធន៍ជាតិសំណង់ចំណុះក្រសួងរៀបចំដែនដី។
ក្នុងពិធីនោះលោក អ៊ូ សុបុណ្ណកា បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
*គោរពអនុវត្តតាមគោលការណ៍ច្បាប់ និងមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្តឲ្យបានជាដាច់ខាត
*បន្តនិរន្តរភាពការងារក្នុងមន្ទីរ លើការផ្តល់ សេវាសាធារណៈជូន ដល់ប្រជាពលរដ្ឋ
*បំពេញតួនាទីភារកិច្ចប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ស្មោះត្រង់ តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ
*ខិតខំកៀរគរចំណូលឲ្យបានតាមផែនការ និងអនុវត្តចំណូល ចំណាយថវិការដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឱ្យស្របតាមកម្មវិធីកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
*ចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យគ្រប់គ្រងដីធ្លីក្នុងខេត្ត តាមច្បាប់ លិខិត បទដ្ឋានគតិយុត្ត និងគោលការណ៍ឲ្យកាន់តែប្រសើរឡើង
*គោរព និងពង្រឹងការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញឲ្យមានតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងប្រសិទ្ធភាពខ្ពស់
*សហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ ដើម្បីកៀរគរធនធាន និងធានាបាននូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គម
*គោរព និងអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ជំរុញការផ្តល់សេវាសាធារណៈ ឱ្យបានលឿន ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ
*ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរថ្នាក់ដឹកនាំអង្គភាព និងគ្រប់ផ្នែកពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាមន្ទីរ អង្គភាពជំនាញផ្សេងៗទៀត
*គោរព និងទទួលយកនូវអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លា និងមានតម្លៃរបស់ឯកឧត្តមអធិបតីដែលជា ផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។
ក្នុងឱកាសនោះដែរ លោក ឆាន់ សាផាន បានលើកឡើងថា ការផ្លាស់ប្តូរមន្ត្រី ជារឿងធម្មតា ទៅតាមការចាត់តាំងរបស់ក្រសួង ក៏ដូចជាស្ថាប័ននីមួយៗផងដែរ និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីរចាស់ ដែលបានបំពេញតួនាទីភារកិច្ច និងដឹកនាំមន្រ្តីក្រោមឱវាទក្នុងវិស័យដីធ្លី ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្មារតីទំនួលខុសត្រូវខ្ពស់។
លោកបានក្រើនរំលឹកលោក អ៊ូ សុបុណ្ណកា ដែលត្រូវបានផ្លាស់ប្តូរចូលកាន់មុខតំណែងមកបម្រើការងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងមូលដ្ឋានខេត្តក្រចេះ ត្រូវបន្តការសហការ និងមាន ទំនាក់ទំនង យ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនិងដឹកនាំការងារជំនាញ ទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួល ដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រសួងនិងរដ្ឋបាលខេត្តក្នុងការលើកកម្ពស់សុវត្ថិភាព លើការកាន់កាប់ដីធ្លីដែលជាបច្ច័យជួយជំរុញ នូវកំណើនកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរ៍ភាពនិងសុខដុមនីយកម្ម ដើម្បីបម្រើឲ្យឧត្ដម ប្រយោជន៍ជាតិ និងប្រជាជន៕