(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវមានឥរិយាបទល្អ ជាមួយការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ និងទាន់ពេលវេលា សំដៅធ្វើយ៉ាងណាពលរដ្ឋជឿទុកចិត្តមកលើមន្ត្រី។

ការណែនាំបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង «វគ្គបណ្តុះបណ្តាល ស្ដីពីការបណ្ដុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ» នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកអំពីវិធីសាស្ត្រ នៃការបណ្ដុះផ្នត់គំនិតវិជ្ជមាន ក្នុងទីកន្លែងបំពេញការងារ ជូនដល់បុគ្គលិក-មន្ត្រីរាជការទាំងអស់ ឲ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែល្អប្រសើរឡើងៗ ស័ក្តិសមជាប្រតិបត្តិករសេវាសាធារណៈ និងជាមន្ត្រីពោរពេញដោយគុណសម្បត្តិ ចំនួន៤យ៉ាងនោះគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

លោកបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះរំពឹងថា នឹងទទួលបាននូវធាតុចូលបន្ថែមអំពីវិធីសាស្ត្រ និងរបៀបរបបនៃការគ្រប់គ្រងអង្គភាព និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទសំដៅធ្វើយ៉ាងណាធានានូវប្រសិទ្ធភាព ការងារផង និងសុខដុមនីយកម្ម ក្នុងអង្គភាពផង។ វគ្គបណ្តុះបណ្តាលនេះ ក៏នឹងរួម ចំណែកផ្តល់ជូនបុគ្គលិក-មន្ត្រីរាជការទាំងអស់ នូវអានុភាព ថាមពល ភាពស្វាហាប់ គំនិតវិជ្ជមាន និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រោះថាបុគ្គលិក-មន្ត្រីរាជការ គឺជាកោសិការបស់ស្ថាប័ន និងទ្រទ្រង់ដង្ហើម ស្ថាប័ន ឱ្យដំណើរការទៅប្រកបដោយចីរភាព ស្ថិរភាព និងនិរន្តរភាព។

លោកន្ថែមថា សា្ថប័នមួយដំណើរការទៅបាន លុះត្រាតែថ្នាក់ដឹកនាំ ជាបុគ្គលដែលមានសមត្ថភាព សុខភាព និងព្រហ្មវិហារធម៌ រីឯបុគ្គលិក ត្រូវជាបុគ្គលដែលមានចំណេះដឹង ជំនាញ ខិតខំតស៊ូ សំភីការងារ និងត្រូវគោរពនូវរាល់អនុសាសន៍ និង ការណែនាំរបស់ថ្នាក់ដឹកនាំ នោះទើបយើងអាចទទួលបាននូវ «សុខដុមនីយកម្ម»។ លោកសូមឲ្យមន្ត្រីដែលទទួលការផ្តល់សេវា ត្រូវតែមានលក្ខណទន់ភ្លន់ចំពោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មកទទួលសេវា ហើយការផ្តល់សេវានេះ ត្រូវតែលឿនដើម្បីពលរដ្ឋជឿទុកចិត្តមកលើមន្ត្រី៕