(ភ្នំពេញ)៖ នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អង្គភាព Fresh News ពីប្រទេសប្រេស៊ីលមកថា រហូតមកដល់ពេលនេះអត្តពលិករុស្ស៊ីចំនួន ២៧១នាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រេស៊ីល គ្រាដែល ១១៨នាក់ផ្សេងទៀត បានកំពុងតែស្រាវជ្រាវបន្ត ជុំវិញពាក់ ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់នាពេលកន្លងមក
អគ្គលេខាធិការ NOCC ខាងលើដដែលបានបន្តទៀតថា ក្នុងចំណោមអត្តពលិករុស្ស៊ីសរុប ៣៨៩នាក់ គឺត្រូវអនុញ្ញាត ឲ្យចូលរួមប្រកួត ២៧១នាក់ហើយ ដោយនៅសល់តែ ១១៨នាក់ទៀតប៉ុណ្ណោះ ដែលត្រូវប្រជុំសម្រេចលើកទី២ ចុងក្រោយនៅល្ងាចនេះ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ដោយមានការចូលរួមពីលោកប្រធាន Thomas Bach ផងដែរ។
សូមរំលឹកផងដែរថា អត្តពលិកសរុបទាំង ៣៨៩នាក់របស់រុស្ស៊ីបានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ តែមិនទាន់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ Rio 2016 ទាំងអស់ឡើយ ហើយប្រភេទ កីឡាបាល់ទាត់ កីឡាបាល់គប់ កីឡាបាល់បោះ និងកីឡាហុកគី ពុំមានអត្តពលិករុស្ស៊ីចូលរួមនៅឡើយទេ។
លោក វ៉ាត់ ចំរើន ដែលបានចូលរួមក្នុងសន្និសីទនៅប្រេស៊ីល ដើម្បីបើកការប្រកួតកីឡាអូឡាំពិក Olympic Games ល្ងាចមិញនេះបានធ្វើការបកស្រាយថា ចំនួនអត្តពលិកដែលនៅសេសសល់ ១១៨នាក់ គឺនឹងធ្វើតេស្តតែ ១៦នាក់ មុនសម្រេចចុងក្រោយ ដើម្បីមានសិទ្ធិចូលរួមប្រកួតប្រជែងយកមេដាយនឹងគេ។
ក្រុមអត្តពលិករុស្ស៊ី តែងតែឈរនៅចំណាត់ថ្នាក់លេខ៣ ស្ទើរតែរៀងរាល់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ និងរដូវរងា ក្នុងនាមជាប្រទេសដែលឈ្នះមេដាយបានច្រើនជាងគេ បន្ទាប់ពីអាមេរិក និងចិន ហើយក៏មានអត្តពលិក ចូលរួមច្រើន ជាងគេ ស្ទើរតែគ្រប់ប្រភេទកីឡា៕