(អេហ្ស៊ីប)៖ យោធាអេហ្ស៊ីប បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាម ISIS នៅទីក្រុង Sinai ដែលជាមូលដ្ឋានធំមួយរបស់ក្រុមឧទ្ទាមនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា។
មេដឹកនាំរបស់ក្រុម ISIS ដែលត្រូវបានសម្លាប់នោះ មានឈ្មោះ Abu Duaa al-Ansari ត្រូវបានសម្លាប់ តាមរយៈការវាយប្រហារទ័ពអាកាសនៅក្បែរតំបន់ Arish ជាទីក្រុងធំជាងគេមួយនៅតំបន់ Sinai ប្រទេសអេហ្ស៊ីប ដោយក្នុងនោះក៏មានសកម្មប្រយុទ្ធរបស់ក្រុម ISIS ចំនួន ៤៥នាក់ផងដែរ ដែលត្រូវបានសម្លាប់។
គួរបញ្ជាក់ផងដែរថា នៅក្នុងតំបន់ Sinai មានកន្លែងជាច្រើនត្រូវបានក្រុមឧទ្ទាម ISIS ទន្ទ្រានយកកាន់កាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣ ហើយមកដល់ពេលនេះ ទាហានរបស់រដ្ឋាភិបាលអេហ្ស៊ីប រួមនឹងសម្ព័ន្ធមិត្តបានវាយដណ្ដើមមកវិញបានមួយចំនួនផងដែរ៕