(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។

ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ទីដែលសម្តេចតេជោតែងទទួលគណៈប្រតិភូបរទេស។

សម្តេចតេជោ ហ៊ុន សែន ត្រូវគេចាត់ទុកជាមេដឹកនាំមួយរូប ដែលផ្តល់ការចាប់អារម្មណ៍ និងតម្លៃខ្ពស់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន។ សម្តេចតេជោ ចាត់ទុកសារព័ត៌មានជាផ្នែកដ៏សំខាន់នៃជីវិតនយោបាយរបស់សម្តេច។

ក្នុងដំណើរជីវិតនយោបាយរបស់សម្តេច ជាពិសេសក្នុងឋានៈជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ រាល់កម្មវិធីសាធារណៈនានា តែងមានអ្នកសារព័ត៌មានទាំងរបស់ជាតិ និងវិស័យឯកជន តាមសម្តេចតេជោជាប់ជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពិធីនាល្ងាចថ្ងៃនេះ ជាការថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេច។

អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញគ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចថ្ងៃនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោតាំងពីទសវត្សរ៍៩០មកម្ល៉េះ។

ក្នុងតួនាទីភារកិច្ចដែលអង្គភាពផ្តល់ជូនក្នុងការតាមយកព័ត៌មាននៃសកម្មភាពរបស់សម្តេចតេជោ ធ្វើឱ្យពួកគេមានអនុស្សាវរីយ៍ជាច្រើនក្នុងអាជីព។ ជាពិសេសបានធ្វើឱ្យពួកគេបានរួមចំណែកក្នុងកិច្ចការសង្គមជាតិ ដ៏មានតម្លៃនៅក្នុងអាជីព។

ការទទួលបានគ្រឿងឥស្សរិយយស និងការរៀបចំអាហារជូនបែបនេះ គឺជាលើកដំបូងហើយសម្រាប់ពួកគេ។ អ្នកទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេត រួមទាំងជនជាតិជប៉ុនម្នាក់ផងដែរ។

ពួកគេចាត់ទុកកម្មវិធីថ្ងៃនេះ ជាមហាកិត្តិយស និងជាកំណត់ត្រាប្រវត្តិសាស្ត្រនៃអាជីពរបស់ពួកគេផងដែរ។ ពួកគេបានចាត់ទុកកម្មវិធីថ្ងៃបង្ហាញឱ្យឃើញនូវកាយវិការរបស់សម្តេចតេជោ ជាមេដឹកនាំមួយរូប ដែលមានការយកចិត្តទុកដាក់ខ្ពស់គ្រប់រឿងនៅជុំវិញខ្លួន ឬពាក់ព័ន្ធនឹងការងារសម្តេចមិនថាការងារតូច ឬធំ។ ដូចអ្វីដែលសម្តេចតែងលើកឡើងថា មើលស្រាលការងារតូច មិនអាចធ្វើការងារធំបាននោះឡើយ។

ក្រុមអ្នកសារព័ត៌មានបានបង្ហាញក្តីត្រេកអរ និងចាត់ទុកកាយវិការសម្តេចតេជោ ជាំវីរភាពមួយសម្រាប់មេដឹកនាំ៕