(ក្វាវចូវ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសជាច្រើន នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។

ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ជាមួយសហគ្រាស រោងចក្រចំនួន៣រោងចក្រក្នុងនោះមាន៖

*ទី១៖ សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ៣,០០០កន្លែង។

*ទី២៖ សួនឧស្សាហ៍កម្ម ហុង អ៉ី (មាន៦រោងចក្រ សហគ្រាស) ដែលមានរោងចក្រ សហគ្រាស ចំនួន៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង។

*ទី៣៖ សួនឧស្សាហកម្ម ហ្វីចូវ (មាន៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទ និងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់។ សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់។

លោក វ៉ី សំណាង បានបញ្ជាក់ពីក្វាងចូវបន្ថែមថា សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន២៥ទីតាំង ហើយជាជំហានដំបូងនេះរោងចក្រសហគ្រាស មានតម្រូវការកម្លាំងពលកម្មប្រមាណ២៣,០០០នាក់ ដែលជាត្រូវការនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០នាក់ជាក់ស្តែង៕