(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាល័យវត្តកោះ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។
វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក អ៊ុក បុស្សសត្ថា នាយកវិទ្យាល័យវត្តកោះ និងលោក សាំង សុផល តំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ។
ថ្លែងក្នុងមតិស្វាគមន៍ ដល់វគ្គបណ្តុះបណ្តាលនេះ លោកនាយកវិទ្យាល័យ វត្តកោះ បានណែនាំឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់នូវគោលការណ៍សំខាន់ នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិយោបល់ដោយ លើកឡើងនូវសំនួរ ដើម្បីឲ្យវាគ្មិនធ្វើការបកស្រាយ ឲ្យបានច្បាស់លាស់ និងសំណូមពរ មន្ត្រីអធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យ ផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ ឲ្យបាននូវការធ្វើអាជីវក ម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។
លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តា គ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។
កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឲ្យធុរជនដែលជាអាជីវករ ប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿន សេដ្ឋកិច្ចជាតិឲ្យរីកចម្រើនទៅមុខ។
លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញក៏បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលា និងបានចែកជូនផ្ទាំងរូបភាព អំពីសុវត្ថិភាពម្ហូបអាហារចំនួន៤០០សន្លឹក ហើយវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលា សរុបប្រមាណ៤៥៨នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។
លោក ង៉ែត ចេក បានសំណូមពរឲ្យវគ្គផ្សព្វផ្សាយយកវេទិកានេះ ជាវេទិកាពិភាក្សា បញ្ចេញមតិ ដោយលើកឡើងនូវសំណូមពរ ឬសំណួរនានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឲ្យយល់កាន់តែច្បាស់ថែមទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការ ប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តាបង្កគ្រោះដល់សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារមានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕