(ភ្នំពេញ)៖​ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ​ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤០ អង្គ/នាក់ ត្រូវទៅបន្តការសិក្សាដែលក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ២៥អង្គ/នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ១៣ អង្គ/នាក់ និងថ្នាក់បណ្ឌិត ០២ អង្គ នៅសាធារណរដ្ឋឥណ្ឌាសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤​ ពិធីនេះបានរៀបចំឡេីងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នៅក្នុងជំនួបនេះលោកបណ្ឌិត អ៊ុម រម្យណី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ៤០អង្គ/នាក់ ដែលនឹងទៅបន្តការសិក្សានៅសាធារណរដ្ឋឥណ្ឌា​ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ​ និងបានគូសបញ្ជាក់ថា ឥណ្ឌា ជាប្រទេសដែលមានវប្បធម៌សំបូរបែប និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រលើវិស័យជាច្រើនជាមួយប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាជាប្រទេសដែលមានភាពរីកចម្រើនខ្លាំងលើការអប់រំផ្នែកបច្ចេកវិទ្យា។

ការទៅសិក្សានៅទីនោះគឺមិនត្រឹមតែអាចរៀនសូត្រ បង្កើនចំណេះដឹងលើមុខជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់បន្ថែមពីឫសគល់នៃប្រវត្តិសាស្ត្រ និងវប្បធម៌ចម្រុះផ្សេងទៀត ដែលនេះជាឱកាសសម្រាប់ និស្សិតទាំងអស់អាចរៀនសង្កេត ដកពិសោធន៍ ច្នៃប្រឌិត និងបន្ស៊ាំខ្លួនជាមួយបរិយាកាសពហុវប្បធម៌ ដើម្បីទទួលបានអត្ថប្រយោជន៍ដល់ការ សិក្សា និងការរស់នៅប្រចាំថ្ងៃ។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍បន្ថែម រួមមាន៖ ១៖ថែរក្សាសុខភាពឱ្យបានល្អ ព្រោះនេះជាចំណុចអាទិភាព មុននឹងឈានទៅសម្រេចជោគជ័យផ្សេងទៀត ២)៖​ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះពិតប្រាកដ ទាំងលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជាពិសេសរៀបចំខ្លួនជាអ្នកស្រាវជ្រាវដែលមានគុណភាព  ៣៖​បង្កើនទំនាក់ទំនងជាមួយនិស្សិតផ្សេងទៀត ដើម្បីបំពេញបន្ថែមចន្លោះខ្វះខាតលើការសិក្សា និងការរស់នៅ ៤៖​ បន្តវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត ទោះបីជាបានបញ្ចប់ការសិក្សាក្នុងកម្រិតរបស់ខ្លួនដោយជោគជ័យហើយក៏ដោយ ៥៖​ លើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ តាមរយៈអាកប្បកិរិយាល្អ អត្ថចរិតល្អ ឥរិយាបថល្អ និងការសិក្សាទទួលបានលទ្ធផលល្អប្រសើរ និង ៦៖​ ប្តេជ្ញាចិត្តប្រឹងប្រែងសិក្សារៀនសូត្រឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីវិលមកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឱ្យបានកាន់តែរីកចម្រើន ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាចុងក្រោយលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រគនពរ និងជូនពរដល់ព្រះសង្ឃ និងនិស្សិតជ័យលាភីទាំងអស់ទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេស និងសម្រេចជោគជ័យក្នុងការសិក្សា។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាតែងបានផ្តល់អាហារូបករណ៍ ចាប់ពីវគ្គបណ្តុះបណ្តាលខ្លីៗ ដែលមានទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត តាមរយៈក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (Indian Council for Cultural Relations - ICCR) ក្រោមកម្មវិធីអាហារូបករណ៍សហប្រតិបត្តិការទន្លេមេគង្គ-គង្គា (MGCSS) កម្មវិធីអាហារូបករណ៍ទូទៅ (GSS) កម្មវិធីអាហារូបករណ៍ក្របខណ្ឌអាស៊ាន (India-ASEAN) នៅតាមបណ្តាលសាកលវិទ្យាល័យល្បីៗ៕