(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូសីលវិសុទ្ធិមេធា ម៉ន ចាន់ ព្រះវិន័យធម៌ និងជាព្រះចៅអធិការវត្តជោតញ្ញាណ (ហៅវត្តតាំងគោក) បានចុះចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន៥២គ្រួសារ មកពីភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្ត សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុក ក៏ដូចជារាជរដ្ឋាភិបាល យកចិត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងចុះជាប់នឹងនៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចនេះជំរុញឲ្យព្រះអង្គ បានចូលរួមជាមួយអាជ្ញាធរ ទោះតិចក្តី ច្រើនក្តីដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកតាំងគោក។
លោក ហាក់ ម៉ុងហួត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកបណ្ឌិត ថោង ខុន តែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗ ងាយស្រួលក្នុងការស្វែងយន្ដការដោះស្រាយជាដើម។
លោកក៏បានកោតសរសើរ និងថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យរបស់ព្រះចៅអធិការ និងមន្រ្តីសង្ឃ ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំនូវសកម្មភាពមនុស្សធម៌ និងសកម្មភាពជាច្រើន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកអភិបាលក៏បានសំណូមពរឲ្យអាជ្ញាធរភូមិ ឃុំបន្តសកម្មភាពចុះតាមខ្នងផ្ទះ និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ពួកគាត់៕