(កណ្ដាល)៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហាម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្ដុះបណ្ដាលធនធាននគរបាលប្រកបដោយគុណភាពចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ឧត្ដម ដែលមានចំនួនច្រើនជាងការបញ្ជូនឲ្យទៅសិក្សានៅក្រៅប្រទេស។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងពេលដែលយើងធានារ៉ាប់រងបានច្រើន ពេលយើងមានសមត្ថភាពគ្រប់គ្រាន់ យើងប្រមូលផ្ដុំបណ្ដុះបណ្ដាលនៅផ្ទៃក្នុងប្រទេសច្រើនជាង ជាការពិតឥឡូវនេះច្រើនជាងទៅហើយ ព្រោះថាយើងមានហេដ្ឋារចនាសម្ព័ន្ធក្នុងការបណ្ដុះបណ្ដាល ទោះបីវាមិនទាន់រីកចម្រើនធំធាត់ណាស់ណាក៏ដោយ ក៏ប៉ុន្តែអាចទទួលរ៉ាប់រងបានលើការងារបណ្ដុះបណ្ដាល ទាំងពីមូលដ្ឋានរហូតដល់បញ្ចប់ថ្នាក់ឧត្ដម»

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា និស្សិតជ័យលាភីទាំងនេះគឺជា ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ មានលក្ខណៈសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត។

សម្តេចក្រឡាហោម បានបន្ថែមថា នេះជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាព និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន៥៦៩នាក់។ ពិធីថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានរៀបចំឡើង ឲ្យមានលក្ខណៈខុសប្លែកពីពិធីដែលបានរៀបចំនាពេលកន្លងមក ក្នុងនោះបណ្ឌិត្យសភាបានបន្ថែមកម្មវិធីថ្មីៗមួយចំនួន រួមមាន៖ ការបញ្ចាំងវីដេអូអំពីសមិទ្ធផល និងសកម្មភាពហ្វឹកហាត់ ការប្រគំតន្ត្រី ការសម្ដែងក្បាច់គុនតៃក្វាន់ដូ-ហាប់គីដូ ការរៀបចំឆាកសម្ដែងអំពីការបង្ក្រាបក្មេងទំនើង ការដង្ហែរសញ្ញាបត្រនិស្សិតជ័យលាភី និងការរៀបចំកងភ្លេងកិត្តិយសដែលសម្ដែងដោយនិស្សិត។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ថា ការរៀបចំពិធីដ៏មហោឡារឹកបែបនេះ មានគោលបំណង ៣សំខាន់ៗ៖

*ទី១៖ ដើម្បីឆ្លុះបញ្ចាំងអំពីគុណភាព នៃការអប់រំបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភា ក្នុងការលើកកម្ពស់សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ការគោរពវិន័យ និងការអប់រំអាកប្បកិរិយាដល់កងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ។

ទី២៖ ដើម្បីលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់និស្សិតជ័យលាភី ដែលបានខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់យ៉ាងសកម្មស្វិតស្វាញ មុននឹងទទួលបានជោគជ័យក្នុងការសិក្សា។ ដូច្នេះ សញ្ញាបត្រ១សន្លឹក ដែលនិស្សិតជ័យលាភីម្នាក់ៗ ទទួលបាននៅថ្ងៃនេះ ពិតជាមានតម្លៃណាស់ ពីព្រោះនេះគឺជាលទ្ធផលសិក្សា ដែលកើតចេញពីការតស៊ូ និងការខំប្រឹងប្រែងរបស់និស្សិតម្នាក់ៗយ៉ាងពិតប្រាកដ។

*ទី៣៖ ដើម្បីបង្ហាញថា បណ្ឌិត្យសភា បាននិងកំពុងធ្វើសមារណកម្មខ្លួនចូលទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងអន្តរជាតិ ដែលក្នុងនោះស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាល នៃប្រទេសជឿនលឿននានា បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី តាមទម្រង់ដែលកម្ពុជាកំពុងរៀបចំនាពេលនេះ។

សាស្ត្រាចារ្យដែលមានបទពិសោធន៍ជិត៤០ឆ្នាំ លោកឧត្តមសេនីយ៍ទោសាស្ត្រាចារ្យជំនួយបណ្ឌិត ឡេង បុរាណ គ្រូនគរបាលជាតិកម្រិតឧត្តម ថ្នាក់លេខ២ និងជាអនុប្រធានក្រុមប្រឹក្សានគរបាលជាតិ បានថ្លែងថា ពិតណាស់ ពីមុនយើងបញ្ជូនសិស្សយើងទៅរៀននៅបរទេស តែបច្ចុប្បន្នយើងមានសមត្ថភាពមិនចាញ់អាស៊ានទេ ហើយយើងប្ដេជ្ញាខ្ពស់ណាស់លើគុណភាព ពិសេសបណ្ឌិត្យសភាបានបន្ថែមលើកម្រិតថ្នាក់បណ្ឌិតថែមទៀតផង៕