(កំពង់ចាម)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ជា ផល្គុន រួមទាំងសាច់ញាតិ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង នៅសាលានគរបាលជាតិភូមិភាគ២ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព កងកម្លាំងទាំងបី នាយក នាយករង មន្រ្តីសាលា និងសិស្សនាយនគរបាល នាយនគរបាលរងជាច្រើននាក់។
ចំពោះការកសាងនៅអាគាររដ្ឋបាល ដល់សាលានគរបាលជាតិភូមិភាគ២នេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការបម្រើដល់កិច្ចការងាររបស់សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាមនេះ ដើម្បីឲ្យមានកន្លែងធ្វើការងារ ល្អ ស្អាត និងមានផាសុខភាព និងជួយពង្រឹងគុណភាពការងារ នៃសាលានគរបាលជាតិភូមិភាគ២ នេះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនោះ លោក ជា សុមេធី បានសម្ដែងក្ដីសង្ឃឹមថា សិស្សនាយនគរបាល នាយនគរបាលរងទាំងអស់ ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថា ជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ ក្រៅពីនេះ លោកសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោកគ្រូ និងមន្រ្តីនៃសាលានគរបាលជាតិភូមិភាគ២ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។
លោក ជា សុមេធី ក៏បានអញ្ជើញចុះពិនិត្យអគារស្នាក់នៅរបស់សិស្សនាយនគរបាល នាយនគរបាលរង ដែលកំពុងតែសម្រាកសិក្សារៀនសូត្រនៅទីនោះ និងទីកន្លែងផ្សេងៗទៀត នៅក្នុងសាលានគរបាលជាតិភូមិភាគ២នេះផងដែរ៕