(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ជូនអាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងលោក ងន់ ម័រ អគ្គនាយករង និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល ICT។

ថ្លែងក្នុងឱកាសនោះ លោក នូវប៉េង ច័ន្ទតារា បានគូសបញ្ជាក់ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មី តាមបែបឌីជីថល (smart card) ដែលសបញ្ជាក់ឲ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នា យ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយកាន់តែបង្ហាញទៀតថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើនជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក។

លោកបានបន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយ នៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើឲ្យមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ សំដៅធ្វើឲ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតប ប្រកបដោយប្រសិទ្ធផលដើម្បីធ្វើឲ្យសម្រេចគោលដៅបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោក ងន់ ម័រ បានលើកឡើងថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឲ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង លើសពីនេះបណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។

លោក ងន់ ម័រ បានបន្ថែមថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងអភិវឌ្ឍន៍ស្ថាប័ន ហើយការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជាបណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះគឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ ដែលការងារនេះត្រូវបានបង្កើតឡើងដោយ ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់៕