(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកកំពង់លែង កំពុងដំណើរការគម្រោងជួសជុល និងកសាងច្រាំងទន្លេ និងសួនច្បារជំហាន២ នៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកែប្រែសោភ័ណភាពទីរួមស្រុក និងសម្រាប់ជាកន្លែងអង្គុយលេងលំហែកាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។

អភិបាលស្រុកកំពង់លែង លោក យ៉ែម លក្ខិណា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចំពោះការអភិវឌ្ឍរបស់រដ្ឋបាលស្រុក នៅក្នុងគម្រោងទី២នេះ គឺរដ្ឋបាលស្រុក ត្រូវជួសជុលច្រាំងទន្លេ និងសួនច្បារ នៅមុខអធិការដ្ឋាននគរបាលស្រុក ដែលមានប្រវែង៥០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០.១៥ម៉ែត្រ និងជណ្ដើរចុះទៅទន្លេមួយកន្លែងផងដែរ។

គម្រោងខាងលើនេះ មានទឹកប្រាក់ចំនួន៤៨៨លានរៀល ជាថវិកាអភិវឌ្ឍន៍សាលាស្រុកកំពង់លែង ដោយរដ្ឋបាលស្រុក បានធ្វើការប្រកាសដាក់ឲ្យដេញថ្លៃត្រឹមត្រូវតាមនីតិវិធី និងដេញថ្លៃបានទៅក្រុមហ៊ុនរបស់លោក លន់ សុឃុន ជាអ្នកកសាងដែលត្រូវកសាងឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣នេះ។

លោកអភិបាលស្រុកបានបន្តថា កាលពីជំហាន១ គឺអភិបាលស្រុកកំពង់លែងចាស់ បានកសាងច្រាំងទន្លេ, សួនច្បារ និងវេទិកាមួយខ្នង នៅមុខសាលាស្រុកកំពង់លែង ដើម្បីលើកសោភ័ណភាពនៅក្នុងទីរួមស្រុកកំពង់លែង និងដើម្បីជាកន្លែងអង្គុយលេងលំហែកាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកបន្ថែមថា រដ្ឋបាលស្រុកកំពង់លែង ក៏មានទិសដៅច្បាស់លាស់ផងដែរ ដើម្បីអនុវត្តផែនការ៣ឆ្នាំរំកិល លើវិស័យអប់រំ កសិកម្ម និងទេសចរណ៍។ ចំពោះវិស័យទេសចរណ៍គឺរដ្ឋបាលស្រុក នឹងរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រច្រកបាក់ដាវ ដោយមានគម្រោងកសាងរូបសំណាកតេជោមាស តេជោយ៉ត និងរៀបចំតំបន់ទឹកជ្រោះអូរដា ដែលមានទឹកជ្រោះលេងកម្សាន្តនៅ ក្នុងរដូវវស្សាតែប៉ុណ្ណោះ នៅក្នុងឃុំដា ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងស្រុក។

ជាមួយនេះ រាជរដ្ឋាភិបាលបាននិងកំពុងអនុញ្ញាតឲ្យកសាងកំពង់ផែពហុបំណងនៅភ្នំទេពី ខ្នាតអន្តរជាតិ ស្ថិតនៅក្នុងឃុំកំពង់ហៅ និងទិសដៅបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចស្រូបទាញកម្លាំងពលកម្មរបស់កម្មករកម្មការិនីចូលធ្វើកាងារររាប់ពាន់នាក់។ ចំពោះផ្លូវលំគ្រួសក្រហមចេញពីឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ក្រុងស្ទឹងសែន ជាង៥០គីឡូម៉ែត្រ នៅរដូវវស្សាឆ្នាំនេះ មិនលិចទឹកទន្លេទៀតទេ អាចធ្វើចរាចរណ៍បានព្រោះលោកឧកញ៉ា ទ្រី ភាព អ្នកកសាងកំពង់ផែពហុបំណង បាននិងកំពុងធ្វើផ្លូវមួយនេះឲ្យខ្ពស់ផុតទឹកទន្លេ ដើម្បីដឹកជញ្ជូន រ៉ែដែកពីខេត្តឧត្តរមានជ័យ មកកាន់កំពង់ផែពហុបំណងស្រុកកំពង់លែង៕