(ក្រចេះ)៖ ម្ចាស់អាហារដ្ឋានទំនប់ថ្ពង ដែលមានទីតាំងនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្វើការបដិសេធជុំវិញការចុះផ្សាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានធ្វើការផ្សាយចោទប្រកាន់ថា លោកស្រី និងប្ដីបានរំលោភយកដីរបស់ជនជាតិស្ទៀង ចំណុចខ្ទមអ្នកតា និងដីទំនប់ស្ពង ធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួននោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។

ម្ចាស់អាហារដ្ឋានទំនប់ថ្ពង និងប្រជាពលរដ្ឋចាស់ទុំដែលមានទីលំនៅតំបន់នោះ សុទ្ធតែអះអាងពីប្រវត្តិដីនោះថាបាន កាន់កាប់ប្រើប្រាស់តាំងពីជំនាន់ជីដូនជីតារបស់ប្តីរបស់មកម្លេះ ដោយកាលនោះមិនទាន់មានទំនប់នោះទេ ទើបតែនៅសម័យខ្មែរក្រហម ទើបមានការជីកលើកជាទំនប់ថ្ពងនេះឡើង ហើយក្រោយឆ្នាំ១៩៧៩ គ្រួសាររបស់ប្តីរបស់គាត់ ក៏បន្តការកាន់កាប់ប្រើប្រាស់ដីនេះរហូតមកដល់បច្ចុប្បន្ន។

លោកស្រីបានលើកឡើងទៀតថា ការចោទប្រកាន់ថា លោកស្រី និងគ្រួសារបានរំលោភយក ដីរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺជាការប្រឌិតព័ត៌មាន និងជាការមួលបង្កាច់ ទាំងស្រុង ព្រោះវាមិនមែនជាការពិត មានបងប្អូននៅក្នុងភូមិស្រុកគេដឹងឮទាំងអស់គ្នា ហើយគ្រប់ការលើកឡើង អះអាងរបស់ខ្លួន គឺសុទ្ធសឹងតែមានឯកសារការ កាន់កាប់តាំងពីដើម រហូតដល់បច្ចុប្បន្ន។

រីឯការលើកឡើងថា រំលោភការកាន់កាប់ខ្ទមអ្នកតា គឺរឹតតែជារឿងបំភ្លើសការពិតថា រោងអ្នកតា ឬខ្ទមអ្នកតានេះ គឺរៀបចំកសាងឡើងដោយគ្រួសារប្ដីរបស់លោកស្រីផ្ទាល់ ដើម្បីគោរពបូជា បន់ស្រន់សុំសេចក្តីសុខក្នុងគ្រួសារ មិនមែនជារបស់បងប្អូនជនជាតិដើមភាគតិច (ស្ទៀង) នោះឡើយ។ លោកស្រីអះអាងទៀតថា ចំពោះទីតាំងដីដែលលោកស្រី និងគ្រួសារគ្រប់គ្រងនេះ គឺបានប្រកបអាជីវកម្ម ភោជនីយដ្ឋាន ខារ៉ាអូខេ រយៈពេលជាង១៤ឆ្នាំមកហើយ។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលមានវ័យចំណាស់ជាច្រើននាក់ បានអះអាងដូចៗគ្នាថា នៅទីតាំងដីតំបន់នោះ មិនមានការរំលោភបំពានដូចការលើកឡើងរបស់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកចោទប្រកាន់នោះឡើយ។ ប្រជាពលរដ្ឋចាស់ទុំនោះ បានបន្ថែមថា ដីតំបន់នោះ គឺឪពុកម្ដាយរបស់គាត់កាន់កាប់តាំងពីមុន ហើយក្រោយ មកក្រុមគ្រួសាររបស់គាត់នោះ ក៏បន្តការកាន់កាប់រហូតមកដល់បច្ចុប្បន្ននេះ៕