(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ប្រមុខកាទូតកំពូលរបស់ចិន នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ ត្រូវបានគេចាប់អារម្មណ៍ច្រើនលើ «ការទាញក្រវាត់កចេញភ្លាមៗ» របស់លោក នៅពេលជួបជាមួយលោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភ្លាមៗនោះមន្រ្តីអមដំណើររបស់ប្រមុខការទូតកំពូលរបស់ចិនមួយរូបទៀត ក៏ដោះក្រវ៉ាត់កចេញភ្លាមៗតាមដូចគ្នា។ ចំណុចនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានការវែកញែកទៅលើឥរិយាបទ នៃប្រមុខការទូតចិន និងសិង្ហបុរី នេះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ការដោះក្រវាត់ករបស់លោក វ៉ាង យី គឺជាការគោរពទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះ។ ហើយសម្រាប់ភាគីសិង្ហបុរី វិញបានបញ្ជាក់ថា ការមិនពាក់ក្រវ៉ាត់កបែបនេះ ក៏ព្រោះតែជាការទទួល និងអញ្ជើញទៅពិសារអាហារពេលល្ងាចតែប៉ុណ្ណោះ»។
យ៉ាងណាក្ដី ករណីនេះត្រូវបានរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Balakrishnan និយាយសុំទោសទៅកាន់រដ្ឋមន្ត្រីការបរទេសចិនផងដែរ សម្រាប់ការមិនពាក់ក្រវាត់កក្នុងការទទួលស្វាគមន៍នៅពេលនោះ៕